(មូស្គូ)៖ សហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងប្រាប់ឱ្យ ពលរដ្ឋខ្លួនចាកចេញពីប្រទេសរុស្ស៉ីជាបន្ទាន់ ដោយសារសង្រ្គាមនៅអ៊ុយក្រែន និងដោយសារ​ហានិភ័យ នៃការចាប់ខ្លួនដោយមិនមានហេតុផល ឬការធ្វើទុក្ខបុកម្នេញពីសំណាក់ស្ថាប័នអនុវត្តច្បាប់របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ស្ថានទូតអាមេរិកប្រចាំទីក្រុងមូស្គ បានប្រកាសយ៉ាងដូច្នេះថា «ពលរដ្ឋអាមេរិកដែលកំពុងរស់នៅ ឬធ្វើដំណើរក្នុងប្រទេសរុស្ស៉ី គួរតែនាំគ្នាចាកចេញជាប្រញាប់។ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែហានិភ័យនៃការចាប់ឃាត់ខ្លួនតាមទំនើងចិត្ត។ ចូរកុំធ្វើដំណើរមកកាន់ប្រទេសរុស្ស៉ី»។ ស្ថានទូតសហរដ្ឋអាមេរិក បានលើកដូច្នេះទៀតថា «ស្ថាប័នសន្តិសុខរុស្ស៉ីធ្លាប់បានចាប់ខ្លួនពលរដ្ឋអាមេរិក ក្រោមបទចោទប្រកាន់មិនពិតប្រាកដ ហើយដាក់មុខសញ្ញា​ធ្វើទុក្ខបុកម្នេញ លើពលរដ្ឋអាមេរិកដែលស្ថិតនៅក្នុងប្រទេសរុស្ស៉ី ក៏ដូចជាធ្វើទង្វើដាក់ពួកគេដែលគ្មានភាពយុត្តិធម៌និងតម្លាភាព ព្រមទាំងផ្តន្ទាទោសអ្នកទាំងនោះ នៅក្នុងសវនាការបែបលាក់​លៀម ឬដោយគ្មានភស្តុតាងរឹងមាំត្រឹមត្រូវ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកធ្លាប់បាន​ចេញសារព្រមានជាច្រើនលើក ឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសរុស្ស៉ី។ លើកចុងក្រោយបំផុតនៃការព្រមានជាសាធារណៈបែបនេះ គឺត្រូវបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី បានចេញបញ្ជាឱ្យមានការកែនកងទ័ពបន្ថែម សម្រាប់ការធ្វើសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។ កាលពីខែមករាកន្លងទៅ អាជ្ញាធររុស្ស៉ីបានប្រកាសថា ប្រទេសរុស្ស៉ីបានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងពលរដ្ឋអាមេរិកម្នាក់ ដែលជាប់សង្ស័យពីបទធ្វើចារកម្ម៕