(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិន បានប្រកាសថា លោក វ៉ាង យី (Wang Yi) ដែលជាទីប្រឹក្សារដ្ឋ និងជាមន្រ្តីការទូតជាន់ខ្ពស់បំផុតរបស់ប្រទេសចិន នៅក្នុងខែកុម្ភៈនេះ នឹងធ្វើដំណើរទៅចូលរួមសន្និសីទសន្តិសុខទីក្រុងមូនិច (Munich) ព្រមទាំងគ្រោងបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួន ក្នុងនោះរួមមានទាំងរុស្ស៉ីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បាននិយាយថា លោក វ៉ាង ដែលបានឡើងតំណែងពីរដ្ឋមន្រ្តីការបរទេសមកជា នាយកការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រៅពីចូលរួមសន្និសីទសន្តិសុខមូនិច ក៏នឹងបំពេញទស្សនកិច្ចនៅប្រទេសបារាំង អ៉ីតាលី ហុងគ្រី ហើយនិងរុស្ស៉ីផងដែរ នៅចន្លោះថ្ងៃទី១៤-២២ ខែកុម្ភៈ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃប្រទេសទាំង៤។ ប៉ុន្តែក្រសួងការបរទេសចិន មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ នៃទស្សនកិច្ចនៅប្រទេសនីមួយៗនោះឡើយ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សន្និសីទសន្តិសុខទីក្រុងមូនិចលើកទី៥៩ នឹងត្រូវរៀបចំឡើងនៅចន្លោះថ្ងៃទី១៧-១៩ ខែកុម្ភៈ ក្រោមវត្តមានមេដឹកនាំពិភពលោកមួយចំនួន រួមមានទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris)៕