(បែរឡាំង)៖ អាល្លឺម៉ង់គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប និងជាប្រទេសមានប្រជាជនច្រើនជាងគេបំផុត នៅក្នុងសហភាពអឺរ៉ុប។
លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងភរិយារបស់លោក គឺលោកស្រី អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្ត រយៈពេល៣ថ្ងៃ ដោយយន្តហោះរបស់លោក នឹងចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
អាល្លឺម៉ង់សព្វថ្ងៃជា មហាយក្សសេដ្ឋកិច្ចនៅអឺរ៉ុប និងជាតួអង្គដ៏សំខាន់ដែលជំរុញកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប។ ចាប់តាំងពីអាល្លឺម៉ង់ខាងកើត និងអាល្លឺម៉ង់ខាងលិចត្រូវបានបង្រួបបង្រួមជា ប្រទេសតែមួយវិញមក ទីក្រុងបែរឡាំងបានដើរតួនាទីយ៉ាងសកម្មក្នុងសហភាពអឺរ៉ុប ក្នុងការសម្រេចបាននូវសន្ធិសញ្ញា Maastricht Treaty ក្នុងឆ្នាំ១៩៩២ និងសន្ធិសញ្ញា Lisbon Treaty ក្នុងឆ្នាំ២០០៧ និងជាសហស្ថាបនិកតំបន់ចាយប្រាក់អឺរ៉ូ ឬ Eurozone។ ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបត្រួសៗរបស់អាល្លឺម៉ង់៖
១៖ ទិដ្ឋភាពទូទៅ
* អាល្លឺម៉ង់មានឈ្មោះផ្លូវការថា៖ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
* មានរដ្ឋធានីឈ្មោះ៖ បែរឡាំង
* មានផ្ទៃដីសរុប៖ ៣៥៧,០២២គីឡូម៉ែត្រក្រឡា
* មានប្រជាជនសរុប៖ ៨៣.៦លាននាក់
* ភាសា៖ អាល្លឺម៉ង់
* អត្រាសង្ឃឹមរស់៖ មនុស្សប្រុស ៧៨ឆ្នាំ និងមនុស្សស្រី ៨៣ឆ្នាំ
* រូបិយប័ណ្ណ៖ អឺរ៉ូ
* មានព្រំទល់ជាប់៖ ប្រទេសអូទ្រីស បែលហ្ស៉ិក ឆែក ដាណឺម៉ាក បារាំង លុចសំបួរ ហូឡង់ ប៉ូឡូញ និងស្វ៉ីស
* សាសនា៖ រ៉ូមុំាងកាតូលិក (២៨ភាគរយ) ប្រូតេសស្ដង់ (២៦ភាគរយ) និងសាសនាផ្សេងទៀត (៤៦ភាគរយ)
២៖ មេដឹកនាំ
* ប្រមុខរដ្ឋ និងជាប្រធានាធិបតី៖ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ «Frank-Walter Steinmeier» (ចូលកាន់តំណែងនៅថ្ងៃ១៩ ខែមីនា ឆ្នាំ២០១៧ និងអាណត្តិទី២ នៅខែកុម្ភៈ ឆ្នាំ២០២២)។
* អធិការបតី៖ លោក អូឡាហ្វ សូលស៍ «Olaf Scholz» (មកពីគណបក្សសង្គមប្រជាធិបតេយ្យ «Social Democratic Party» និងចូលកាន់តំណែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១)។
* រដ្ឋមន្ត្រីការបរទេស៖ លោកស្រី អាណាឡេណា បែរបុក «Annalena Baerbock» (មកពីគណបក្សបៃតង «Green Party» និងចូលកាន់តំណែងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១)។
* រដ្ឋមន្ត្រីការពារជាតិ៖ លោក បូរីស ភីស្ទ័ររៀស (Boris Pistorius) (មកពីគណបក្សសង្គមប្រជាធិបតេយ្យ និងចូលកាន់តំណែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣)។
* របបនយោបាយ៖ សាធារណរដ្ឋសភាសហព័ន្ធ រីឯរដ្ឋាភិបាលសព្វថ្ងៃគឺជារដ្ឋាភិបាលចម្រុះ។
* បុណ្យជាតិ៖ ថ្ងៃទី៣ ខែតុលា (ឆ្នាំ១៩៩០ ដែលជាកាលបរិច្ឆេទដែលអាល្លឺម៉ង់ខាងកើត និងខាងលិចបង្រួបបង្រួមគ្នា)។
៣៖ សេដ្ឋកិច្ច (ឆ្នាំ២០២២)
* អាល្លឺម៉ង់មានផលិតផលនៅក្នុងស្រុកសរុប ឬ GDP ៤.២ទ្រីលានដុល្លារ (ធំជាងគេនៅក្នុងសហភាពអឺរ៉ុប និងជាប់លេខ៥ នៅលើពិភពលោក)។
* GDP ក្នុងម្នាក់ ៤៨,៨១០ដុល្លារ។
* កំណើន GDP ១.៩ភាគរយ។
ដោយឡែក បើគិតត្រឹមឆ្នាំ២០២១ GDP របស់អាល្លឺម៉ង់តាមវិស័យសំខាន់មាន៖ សេវាកម្ម (៦៩.៨ភាគរយ), ឧស្សាហកម្ម (២៣.៥ភាគរយ) និងកសិកម្ម (០.៩ភាគរយ)។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៦៧។ តែទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវបាន កាត់ផ្ដាច់នៅឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម ហើយនៅឆ្នាំ១៩៧៩ ទើបទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់ត្រូវបានស្ដារឡើង តែនៅពេលនោះគឺជាមួយ អាល្លឺម៉ង់ខាងកើតវិញម្ដង។ រហូតដល់ឆ្នាំ១៩៩០ ទើបអាល្លឺម៉ង់ទាំង២ បានបង្រួមបង្រូមគ្នាជាប្រទេសអាល្លឺម៉ង់តែមួយ និងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩២ កម្ពុជា និងអាល្លឺម៉ង់ បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាពេញលេញ។ បច្ចុប្បន្ន លោក ស្ដេហ្វាន់ អាន់តុន ម៉េស៊ើរ័រ ( Stefan Anton MESSERER) ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំប្រទេសកម្ពុជា (ជូនសារតាំងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២)៕