(វៀងច័ន្ទ)៖ លាវ ឬឡាវជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ នៅក្នុងសមាគមអាស៊ាន។ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសឡាវ។

ដំណើរទស្សនកិច្ចនេះ មានរយៈពេលពីរថ្ងៃពីថ្ងៃទី១៣ ដល់ ១៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ ដូច្នេះយើងទាំងអស់គ្នា អាចយកឱកាសនេះស្វែងយល់អំពីប្រវត្តិខ្លះៗ និងសក្តានុពលសំខាន់ៗដែលមិត្តជិតខាងយើងមួយនេះមាន៖

១៖ ព័ត៌មានទូទៅអំពីប្រទេសឡាវ

*ឈ្មោះជាផ្លូវការ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
*រដ្ឋធានី៖ វៀងច័ន្ទ
*ភាសាផ្លូវការ៖ ភាសាលាវ
*របបដឹកនាំ៖ សាធារណរដ្ឋសង្គមនិយម
*រដ្ឋាភិបាល៖ ក្រោមការដឹកនាំដោយប្រធានាធិបតី និងនាយករដ្ឋមន្ត្រី
*ទទួលបានឯករាជ្យពីបារាំង៖ ថ្ងៃទី១៩កក្កដា១៩៤៩
*ផ្ទៃដី៖ ២៣៦,៨០០គីឡូម៉េត្រការ៉េ(លំដាប់ទី៨៣លើពិភពលោកក្នុងនោះមានផ្ទៃទឹក២%)
*ចំនួនប្រជាជន៖ ៧,២៧៥,៥៦០លាននាក់(លំដាប់ទី១០៥លើលោក)(ស្ថិតិឆ្នាំ២០២០)
*ដង់ស៊ីតេ៖ ៣០នាក់/គីឡូម៉ែត្រការ៉េ
*រូបិយប័ណ្ណ៖ គីប(LAK)
*កូដទូរស័ព្ទប្រទេស៖ +៨៥៦

២៖ ថ្នាក់ដឹកនាំសំខាន់ៗ

*ប្រធានរដ្ឋ៖ លោក ថងលុន ស៊ីសុលីត (កាន់តំណែងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១)
*នាយករដ្ឋមន្ត្រី៖ លោក សន សៃ ស៊ីផាន់ដន (កាន់តំណែងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២)
*ប្រធានរដ្ឋសភា៖ លោក សៃស៊ុមផន ភុមវិហាន (កាន់តំណែងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១)
*រដ្ឋមន្ត្រីការបរទេស៖ លោក សាលើមសៃ គុំម៉ាស៊ីត (កាន់តំណែងថ្ងៃទី២០ ខែមេសាឆ្នាំ២០១៦ និងកាន់តំណែងអាណត្តិទី២ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១)

៣៖ ប្រវត្តិសាស្ត្រ

ប្រទេសឡាវមានដើមកំណើតរដ្ឋចេញពី «រាជាណាចក្រឡានសាង» (មានន័យថាដំរីរាប់លាន) ដែលបានកកើតឡើងនៅសតវត្សរ៍ទី១៤ នៃគ.ស.ដោយព្រះចៅហ្វាងុម។ នគរលានជាងឬឡានសាងរីកចម្រើនរហូតដល់សតវត្សរ៍ទី១៨ នៃ គ.ស. តែត្រូវបែកបាក់ជា៣ រហូតចុងក្រោយត្រូវសៀមត្រួតត្រា។

នៅសតវត្សរ៍ទី១៩ដែនដីនេះ បានត្រូវដាក់បញ្ចូលក្នុងអាណាព្យាបាលបារាំងសែសនៅឥណ្ឌូចិន។ នៅក្រោមអាណាព្យាបាលបារាំងវៀងច័ន្ទ បានក្លាយជារដ្ឋធានីរបស់រដ្ឋបង្រួបបង្រួមឡាវ។ ឆ្លងកាត់ការកាន់កាប់ពីសំណាក់កងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី២ បានមួយរយៈខ្លីប្រទេសឡាវបានប្រកាសឯករាជ្យនៅឆ្នាំ១៩៤៥។ ប៉ុន្តែជាអកុសលអាណាព្យាបាលបារាំង បានត្រឡប់មកកាន់កាប់ដែនដីនេះវិញរហូតដល់ឆ្នាំ១៩៥០។ ប្រទេសឡាវបានទទួលឯករាជ្យពេញលេញនៅឆ្នាំ១៩៥៤ដោយប្រកាន់របបរាជានិយអាស្រ័យរដ្ឋធម្មនុញ្ញ។

ក្នុងសម័យសង្គ្រាមវៀតណាម តំបន់ភាគខាងកើតរបស់ប្រទេសឡាវ ធ្លាក់ក្រោមការកាន់កាប់ពីសំណាក់កងទ័ពវៀតណាមខាងជើង ធ្វើជាមូលដ្ឋានដឹងងជញ្ជូនសព្វាវុធ និងស្បៀងអាហារទៅឲ្យកងទ័ព ដើម្បីតទល់នឹងកងទ័ពវៀតណាមខាងត្បូង។ ជាការឆ្លើយតបអាមេរិកបានបើកយុទ្ឋនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងវៀតណាមខាងជើងដើម្បីប្រឆាំងរបបកុម្មុយនិស្ត។ទីបំផុតរដ្ឋប្រហារបានកើតឡើងជាបន្តបន្ទាប់ ហើយសង្គ្រាមស៊ីវិលរវាងរាជរដ្ឋាភិបាលឡាវនិងចលនាកុម្មុយនិស្ត «ប៉ៈថេតឡាវ» បានចាប់ផ្ដើម។

នៅក្នុងសង្គ្រាមស៊ីវិលនេះកងទ័ពវៀតណាមខាងជើង ស្ថិតពីក្រោយខ្នងពួកប៉ៈថេតឡាវ។ នៅឆ្នាំ១៩៦៨កងទ័ពវៀតណាមខាងជើងជាមួយនឹងអាវុធទំនើបៗ បានបើកការវាយប្រហារមកលើកងទ័ពឡាវព្រមទាំងដាក់ពង្រាយទ័ពមួយផ្នែកធំ នៃផ្ទៃប្រទេសជំរុញឱ្យមានការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំពីសំណាក់អាមេរិកដើម្បីកម្ទេចមូលដ្ឋានទ័ពវៀតណាមខាងជើង ក្នុងប្រទេសឡាវនិងដើម្បីកាត់ផ្ដាច់ផ្លូវលំហូជីមិញ។តាមរបាយការណ៍បានឱ្យដឹង ការទម្លាក់គ្រាប់បែករបស់អាមេរិក នៅលើទឹកដីនៃប្រទេសឡាវពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៣ ច្រើនជាងគ្រាប់បែកដែលទម្លាក់នៅទូទាំងពិភពលោក ក្នុងអំឡុងសង្គ្រាមលោកលើកទី២សរុបចំនួន២លានតោន។

នៅទីបំផុតនៅឆ្នាំ១៩៧៥ ចលនាកុម្មុយនិស្តបប៉ៈថេតឡាវដែលមានការគាំទ្រពីសហព័ន្ឋរុស្ស៊ី និងវៀតណាមខាងជើង បានទទួលជ័យជម្នះលើរដ្ឋាភិបាលរាជានិយម បង្ខំឲ្យព្រះរាជាដាក់រាជ្យក្រោយមកត្រូវបានគេធ្វើគត់ព្រះអង្គ។ក្រោមការដឹកនាំ នៃរដ្ឋាភិបាលប៉ៈថេតឡាវប្រទេសឡាវ បានលុបបំបាត់របបរាជានិយមព្រមទាំងប្រែឈ្មោះថ្មីថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា ដែលផ្តល់ឱ្យវៀតណាម នូវការចង់សម្ព័ន្ធភាពដ៏រឹងមាំបំផុតរវាងប្រទេសជិតខាងទាំងពីរ។

៤៖ ស្ថានភាពភូមិសាស្ត្រនិងអាកាសធាតុ

ប្រទេសឡាវមានព្រំដែនខាងជើងឆៀងខាងលិចជាប់ប្រទេសចិននិងមីយ៉ាន់ម៉ា, ខាងកើតជាប់វៀតណាម, ខាងត្បូងជាប់កម្ពុជានិងខាងលិចជាប់ថៃ។ ប្រទេសឡាវគ្មានព្រំដែនជាប់សមុទ្រទេ។ ស្ថានដីប្រទេសនេះសម្បូរដោយភ្នំនិងខ្ពង់រាប និងជាជម្រករបស់សត្វព្រៃកម្រៗជាច្រើន។ ប្រទេសឡាវត្រូវបានគេស្គាល់ផងដែរថាជាប្រទេស នៅតំបន់ត្រីកោណមាសដោយមានផ្ទៃដីដាំដុះ អាភៀនប្រមាណ៣,៧០០ហិកតានៅឆ្នាំ២០០៧។ ប្រទេសនេះស្ថិតនៅតំបន់ត្រូពិចទទួលឥទ្វិពលរបបខ្យល់រដូវ មានរដូវ២ គឺរដូវវស្សាចាប់ពីខែឧសភាដល់ខែវិច្ឆិកា និងរដូវប្រាំងពីខែធ្នូដល់ខែមេសា។ ប្រទេសឡាវចែកចេញជា១៦ខេត្ត និងមានរដ្ឋធានីនៅវៀងច័ន្ទ។

៥៖ សេដ្ឋកិច្ច

សេដ្ឋកិច្ចឡាវពឹងផ្អែកខ្លាំង ទៅលើការវិនិយោគនិងពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង។ ពីមុនប្រទេសនេះពុំសូវមានហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ឡើយប៉ុន្តែជាក់ស្តែងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារទំនាក់ទំនងមិត្តភាពនិងសេដ្ឋកិច្ចជិតស្និទ្ធ ជាមួយចិនឡាវបានដាក់សម្ពោធផ្លូវរថភ្លើងល្បឿនលឿន ជាលើកដំបូងនៅក្នុងឆ្នាំ២០២១ ខណៈផ្លូវថ្នល់សំខាន់ៗ ក៏ត្រូវបានចាប់ផ្តើមអភិវឌ្ឍផងដែរ។

យ៉ាងណាក៏ដោយនៅតាមតំបន់ជនបទដាច់ស្រយាល ការផ្គត់ផ្គង់ភ្លើងអគ្គិសនីសេវាអ៊ីនធើណិត និងសេវាសាធារណៈមួយចំនួនទៀត នៅកំពុងជួបបញ្ហានៅឡើយ។ ផលិតផលក្នុងស្រុកពាក់កណ្ដាល បានពីវិស័យកសិកម្មត្រូវបានប្រើប្រាស់ដោយប្រជាជន៨០%។ ប្រទេសឡាវជាប្រទេសដែលមានផ្ទៃដីដាំដុះ អចិន្ត្រៃយ៍តិចជាងគេនៅក្នុងមហាអនុតំបន់មេគង្គ។ ជាក់ស្តែងផ្ទៃដីដាំដុះមានតែ៤.០១%ប៉ុណ្ណោះ ដោយក្នុងនោះផ្ទៃដីដាំដុះអចិន្ត្រៃយ៍ មានតែ ០.៣៤% ប៉ុណ្ណោះ ដោយស្រូវជាដំណាំសំខាន់ជាងគេ។

សេដ្ឋកិច្ចឡាវទទួលជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រភពថវិកាអន្តរជាតិដទៃៗទៀត ក៏ដូចជាការវិនិយោគទុនពីបរទេសផងដែរ។ វិស័យទេសចរណ៍ជាឧស្សាហកម្មរីកចម្រើនលឿន ជាងគេ នៅប្រទេសឡាវ។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានទទួលស្គាល់ថាប្រទេសឡាវ បានងើបចេញពីឋានៈជាប្រទេស មានការអភិវឌ្ឍតិចតួច (LDC) ហើយ។

៦៖ ប្រជាជន

ក្នុងចំណោមប្រជាជនក្នុងប្រទេសឡាវទាំង ៧.៤លាននាក់ជិត៦០%ជាជនជាតិលាវ។ ក្រុមជនជាតិមួយនេះ កាន់កាប់តំបន់ទំនាប និងដើរតួនាទីចម្បងក្នុងវិស័យនយោបាយ និងវប្បធម៌។ ជនជាតិ «លាវ» ស្ថិតក្នុងអម្បូរជនជាតិ «តៃ» ដែលបានធ្វើដំណើរមកពីប្រទេសចិន។ អ្នកស្រុកភ្នំនិងជនជាតិភាគតិច នៅប្រទេសឡាវរស់នៅតំបន់ដាច់ស្រយាលនៃប្រទេសឡាវ។ កុលសម្ព័ន្ឋចម្រុះជាតិសាសន៍វប្បធម៌ និងភាសានៅមានជីវិតនៅតំបន់ភាគខាងជើង នៃប្រទេសរួមមានជនជាតិលួ និងជនជាតិឃ្មុដែលជាជនជាតិដើមឡាវ។ បច្ចុប្បន្នជនជាតិលួស្ទើរតែជិតផុតពូជពង្សទៅហើយ។ ចំណែកក្រុមជនជាតិចិននិងវៀតណាមច្រើន រស់នៅតាមទីក្រុង។

៧៖ វប្បធម៌

ភាសាផ្លូវការនៅឡាវគឺភាសាលាវដែលស្ថិតក្នុងអំបូរភាសាតៃ។ ភាសាបារាំងដែលមានប្រើជាទូទៅក្នុងជួររដ្ឋាភិបាល និងពាណិជ្ជកម្មបានចុះទន់ខ្សោយបន្ដិចម្ដងៗ ខណៈការប្រើប្រាស់ភាសាអង់គ្លេសកាន់តែពេញនិយម។

ព្រះពុទ្ធសាសនាថេរវាទ មានឥទ្ឋិពលជាចម្បងដល់វប្បធម៌ឡាវ ដែលបង្ហាញឱ្យឃើញតាមរយៈភាសាសិល្បៈអក្សរសាស្ត្រជាដើម។ យ៉ាងនេះក្ដីវប្បធម៌ដើមរបស់ឡាវមួយចំនួន ដែលមានជីវិតតាំងពីមុនការមកដល់នៃសាសនាព្រះពុទ្ធសាសនា នៅតែត្រូវបានបន្តថែរក្សាដល់បច្ចុប្បន្ន ដូចជាគែនដែលជាឧបករណ៍តន្ត្រី របស់ជាតិមានកំណើតតាំងពីបុរេប្រវត្តិមកម៉្លេះ។ សូមជម្រាបថាប្រទេសឡាវមានបេតិកភណ្ឌពិភពលោក ចំនួន២គឺទីក្រុងហ្លួងព្រះបាង (ឆ្នាំ១៩៩៥), ប្រាសាទវត្តភូ(ឆ្នាំ២០០១) និងទីវាលក្រឡ (ThePlainofJars) (ឆ្នាំ២០១៩)។

ដោយស្រូវជាអាហារចម្បងនៅប្រទេសឡាវ ទើបមានពិធីសាសនា និងប្រពៃណី ជាច្រើនទាក់ទិននឹងការបង្កបង្កើនផលស្រូវ។ ជាក់ស្តែងអ្នកស្រែជនជាតិឃ្មុនៅហ្លួងព្រះបាងតែងដាំស្រូវ ប្រភេទខាវកាំក្នុងបរិមាណតិចតួចមួយនៅក្បែរខ្ទម ជាការរំលឹកគុណដល់មាតាបិតា របស់គេដែលបានចែកឋានទៅឬក៏ដាំនៅក្បែរភ្លឺស្រែ ដើម្បីបញ្ជាក់ថាមាតាបិតារបស់គេនៅមានជីវិត៕