(វែលីងតោន)៖ អ្នកស្រុកនៅក្នុងទីក្រុងអក់លែន (Auckland) ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ និងតំបន់ជុំវិញ ត្រូវបានណែនាំឲ្យត្រៀមទប់ទល់នឹងភ្លៀងធ្លាក់បន្ថែមទៀត ទឹកជំនន់ និងខ្យល់បក់បោកខ្លាំង ខណៈដែលព្យុះស៊ីក្លូនហ្កាប្រ៊ីល (Gabrielle) រំកិលមកជិតឆ្នេរសមុទ្ររបស់ប្រទេសនូវែលសេឡង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

បច្ចប្បន្ន ព្យុះស៉ីក្លូន Gabrielle ស្ថិតចម្ងាយ ២៥០គីឡូម៉ែត្រ ភាគពាយព្យនៃប្រទេសនូវែលសេឡង់ ហើយត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ទីទៅជិតឆ្នេរសមុទ្រភាគខាងកើត ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់។ លោកស្រី រ៉ាឆែល ខេលឡេហឺ (Rachel Kelleher) អនុប្រធានផ្នែកគ្រប់គ្រងគ្រោះអាសន្ននៅទីក្រុងអក់លែន បាននិយាយនៅថ្ងៃចន្ទនេះថា «ផលប៉ះពាល់នៃព្យុះស៊ីក្លូន Gabrielle នឹងកាន់តែអាក្រក់ទៅៗ មុនពេលដែលវាថមថយឥទ្ធិពលទៅវិញ»។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hipkins) ប្រកាសកញ្ចប់ថវិកាចំនួន៧.២៥លានដុល្លារ ដើម្បីគាំទ្រដល់ក្រុមសហគមន៍ ដូចជាការផ្គត់ផ្គង់ស្បៀងអាហារ និងអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់។

នៅថ្ងៃចន្ទនេះ សាលារៀន និងអគាររដ្ឋបាលជាច្រើននៅទូទាំងទីក្រុងអក់លែន និងផ្នែកខាងលើនៃកោះខាងជើងត្រូវបានបិទ ហើយមនុស្សត្រូវបានស្នើសុំមិនឲ្យធ្វើដំណើរក្នុងករណីមិនចាំបាច់។ ​ផ្ទះ​ចំនួន ៤៦,០០០ខ្នង ត្រូវដាច់ចរន្តអគ្គិសនី រំខានដល់មធ្យោបាយដឹកជញ្ជូនសាធារណៈត្រូវបានរំខាន ដោយសាឡាង រថយន្តក្រុង និងរថភ្លើង ត្រូវផ្អាកឬកាត់បន្ថយជើងចេញដំណើរ។ ក្រុមហ៊ុន Air New Zealand បានលុបចោលជើងហោះហើរចំនួន ៥០៩ ហើយជើងហោះហើរនឹងបន្តឡើងវិញនៅថ្ងៃអង្គារ ប្រសិនបើអាកាសធាតុប្រសើរឡើង។

គួរបញ្ជាក់ថា Gabrielle គឺជាបាតុភូតអាកាសធាតុអាក្រក់ទី២ ដែលបានវាយលុកទីក្រុងអក់លែន និងកោះខាងជើងរបស់នូវែលសេឡង់ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ កាលពីខែមុន ទីក្រុងនិងតំបន់ជុំវិញនេះ បានរងការវាយប្រហារដោយជំនន់ទឹកភ្លៀងបង្កឲ្យមនុស្ស៤នាក់ស្លាប់៕