(រ៉ូម)៖ អតីតនាយករដ្ឋមន្ត្រីអ៉ីតាលី លោក ស៉ីលវីយ៉ូ ប៊ឺលូស្កូនី (Silvio Berlusconi) បាននិយាយថាលោកនឹងមិនជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នោះទេ ប្រសិនបើបច្ចុប្បន្ន លោកជាប្រមុខរដ្ឋាភិបាល ដោយសារតែលោកបន្ទោសថាលោក ហ្សេលេនស្គី គឺជាអ្នកបង្កឱ្យសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ប៊ឺលូស្កូនី មានអាយុ ៨៦ឆ្នាំ ជាមេដឹកនាំគណបក្សអភិរក្សនិយម ហ្វ័រហ្សា (Forza) ដែលនៅក្នុងរដ្ឋាភិបាលចម្រុះអ៉ីតាលីបច្ចុប្បន្ន ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី ចចជៀ មេឡូនី (Giorgia Meloni) កាលពីថ្ងៃសុក្រកន្លងទៅនេះបានចោទប្រកាន់បារាំងថាកំពុងបំផ្លាញសាមគ្គីភាពសហភាពអឺរ៉ុបស្ដីពីអ៊ុយក្រែន ក្រោយបារាំង និងអាល្លឺម៉ង់ បានរៀបចំ ពិធីទទួលទានអាហារពេលល្ងាចមួយក្នុងទីក្រុងប៉ារីស ជាមួយលោក ហ្សេលេនស្គី ដោយមិនមានវត្តមានលោកស្រី និងមេដឹកនាំអឺរ៉ុបផ្សេងទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ប៊ឺលូស្កូនី បានគូសបញ្ជាក់ថាប្រសិនបើលោក ហ្សេលេនស្គី បញ្ឈប់ការវាយប្រហារលើតំបន់ផ្ដាច់ខ្លួនចំនួន២ គំាទ្រដោយរុស្ស៉ី នៅក្នុងតំបន់ដុនបាស់ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ម្ល៉េះសង្រ្គាមនឹងមិនផ្ទុះឡើងឡើយ។ លោក ប៊ឺលូស្កូនី បន្ថែមដោយវាយតម្លៃជាអវិជ្ជមានចំពោះអាកប្បកិរិយារបស់លោក ហ្សេលេនស្គី។

គួរបញ្ជាក់ថា លោក ប៊ឺលូស្កូនី ក៏បានជំរុញផងដែរឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធលើលោក ហ្សេលេនស្គី និងគំរាមបញ្ឈប់ការផ្ដល់អាវុធដល់អ៊ុយក្រែន ដើម្បីឱ្យប្រធានាធិបតីអ៊ុយក្រែនរូបនេះ ទទួលយកបទឈប់បាញ់មួយជាបន្ទាន់។ តែយ៉ាងណាក៏ដោយ ខាងការិយាល័យរបស់លោកស្រី មេឡូនី នៅតែបញ្ជាក់ដដែលពីជំហរគាំទ្រអ៊ុយក្រែន៕