(តេហេរ៉ង់)៖ ប្រធានាធិបតីចិន លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) នឹងបំពេញដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅកាន់ប្រទេសចិន ក្រោមគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀត រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRNA បានរាយការណ៍ថា លោក រ៉ៃស៉ី នឹងចេញដំណើរទៅកាន់ទីក្រុងប៉េកាំង នាវេលាល្ងាចថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ តបតាមការអញ្ជើញជាផ្លូវការរបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង។ បើតាម IRNA កំលុងការបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីអ៉ីរ៉ង់ នឹងជួបពិភាក្សាក្នុងលក្ខណៈឯកជនជាមួយលោក ស៉ី ហើយប្រតិភូនៃប្រទេសទាំងពីរ នឹងត្រូវចុះហត្ថលេខាលើឯកសារផ្សេងៗ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ។
គួរបញ្ជាក់ថា ប្រធានាធិបតីនៃប្រទេសទាំងពីរ បានជួបគ្នាជាលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសអ៊ូសបេគីស្ថាន កំលុងកិច្ចប្រជុំកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ហើយពេលនោះលោកប្រធានាធិបតីអ៉ីរ៉ង់ បានអំពាវនាវឱ្យមានការពង្រីកទំនាក់ទំនងថែមទៀត។ កាលពីឆ្នាំ២០២១ ប្រទេសទាំងពីបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរយៈពេល២៥ឆ្នាំ ដែលរួមមានទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច៕