(មូស្គូ)៖ កាលពីយប់ថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី បានលើកឡើងថា អង្គការណាតូ (NATO) គួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការរកឃើញថ្មីៗនេះ ស្តីពីករណីផ្ទុះបំពង់ឧស្ម័ន Nord Stream កាលពីឆ្នាំមុន ក្រោយមានការអះអាងថា អាមេរិកអាចជាប់ពាក់ព័ន្ធ បើទោះបីជាទីក្រុងវ៉ាស៉ីនតោន បានចេញមុខបដិសេធក៏ដោយ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
កាលពីថ្ងៃពុធសប្តាហ៍នេះ អ្នកកាសែតស៉ើបអង្កេតជើងចាស់ម្នាក់ ឈ្មោះ សីម័រ ហឺស (Seymour Hersh) បានរាយការណ៍ថា ក្រុមអ្នកមុជទឹករបស់យោធាជើងទឹកអាមេរិក បានប្រើប្រាស់គ្រឿងផ្ទុះដើម្បីបំផ្ទុះបំពង់ឧស្ម័នខាងលើ ក្រោមការបញ្ជាផ្ទាល់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប៉ុន្តែសេតវិមានបានចេញមុខទាត់ចោល សេចក្តីរាយការណ៍នេះថា ជារឿងភូតកុហកនិងប្រឌិតឡើងទាំងស្រុង។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយដូច្នេះថា «វាមានធាតុពិតលើសពីគ្រប់គ្រាន់ទៅទៀតនៅទីនេះ ដូចជាការផ្ទុះនៃបំពង់ឧស្ម័ន វត្តមាននៃចេតនា ហើយនិងភស្តុតាងដោយប្រយោលដែលអ្នកសារព័ត៌មានទទួលបាន។ ដូច្នេះតើពេលណា NATO នឹងបើកកិច្ចប្រជុំ ដើម្បីពីនិត្យវាយតម្លៃលើស្ថានការណ៍»។
គួរបញ្ជាក់ថា យោងតាមការស៉ើបអង្កេតរបស់ស៊ុយអែតនិងដាណឺម៉ាក បំពង់ឧស្ម័នខាងលើ បានទទួលរងការបំផ្ទុះដោយចេតនា ប៉ុន្តែមិនបានធ្វើការសន្និដ្ឋានថាតើ អ្នកណាដែលអាចនៅពីក្រោយសកម្មភាពនេះនៅឡើយទេ។ ចំណុចនៃបំពង់ឧស្ម័ន Nord Stream ដែលបានទទួលរងការផ្ទុះ គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ស៊ុយអែតនិងដាណឺម៉ាក។ សហរដ្ឋអាមេរិកនិងណាតូ បានហៅហេតុការណ៍ផ្ទុះបំពង់ឧស្ម័ននោះថា ជាទង្វើវិច្ឆេទកម្ម ខណៈទីក្រុងមូស្គូបានទម្លាក់កំហុសលើក្រុមខាងលិច។ យ៉ាងណាក្តី ភាគីទាំងសងខាងសុទ្ធតែមិនបានផ្តល់ភស្តុតាងជាក់ស្តែងដូចគ្នា៕