(អូតាវ៉ា)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ យន្តហោះចម្បាំង F-22 របស់សហរដ្ឋអាមេរិក បានបាញ់ទម្លាក់វត្ថុមិនស្គាល់សញ្ញាណមួយ ដែលស្ថិតនៅលើដែនអាកាសប្រទេសកាណាដា ពោលគឺមួយថ្ងៃបន្ទាប់ពីវត្ថុមិនស្គាល់អត្តសញ្ញាណផ្សេងមួយទៀត ត្រូវបានយោធាអាមេរិក បាញ់ទម្លាក់នៅលើរដ្ឋអាឡាស់ស្កា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា ការបាញ់ទម្លាក់វត្ថុខាងលើធ្វើឡើង នៅលើតំបន់យូកូន (Yukon) ភាគខាងជើងប្រទេសរបស់លោក ហើយកងកម្លាំងកាណាដានឹងទៅប្រមូលយកវត្ថុ ដែលត្រូវបានបាញ់ទម្លាក់នោះមកវិភាគ។ រដ្ឋមន្រ្តីការពារជាតិកាណាដា លោកស្រី អានីតា អាណាន (Anita Anand) បានបង្ហើបឱ្យដឹងថា វត្ថុខាងលើមានរូបរាងជាលក្ខណៈស៉ីឡាំង ប៉ុន្តែលោកស្រីមិនបានធ្វើការសន្និដ្ឋានពីប្រភពនៃវត្ថុនោះ ឬហៅវាថាជាបាឡុងឡើយ។ យ៉ាងណាមិញ លោកស្រីបានគូសបញ្ជាក់ថា ដោយស្ថិតនៅរយៈកម្ពស់១២,២០០ម៉ែត្រ វត្ថុនោះបង្កហានិភ័យដល់ការធ្វើចរាចរណ៍ផ្លូវអាកាស របស់យន្តហោះស៉ីវិល។
ដោយឡែក មន្ទីរបញ្ចកោណអាមេរិក បាននិយាយថា ទីបញ្ជាការការពារជាតិតំបន់អាមេរិកខាងជើង ហៅកាត់ថា ណូរ៉ាដ (NORAD) ដែលជាទីបញ្ជាការរួមរវាងសហរដ្ឋអាមេរិកនិងកាណាដា បានប្រទះឃើញវត្ថុខាងលើនៅរដ្ឋអាឡាស់ស្កា កាលពីយប់ថ្ងៃសុក្រ។ យន្តហោះចម្បាំងអាមេរិក ក៏បានតាមឃ្លាំមើលវត្ថុនោះរហូតដល់វាឆ្លងចូលដែនអាកាសកាណាដា ជាទីដែលយន្តហោះចម្បាំង CF-18 និងយន្តហោះល្បាត CP-140 របស់កាណាដា បានចូលរួមក្នុងការតាមដានដែរ។
លោក ផាទ្រីក រ៉ាយដឺ (Patrick Ryder) អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានលើកឡើងថា យន្តហោះចម្បាំងអាមេរិក F-22 បានបាញ់ទម្លាក់វត្ថុនោះនៅលើទឹកដីកាណាដា ដោយប្រើមីស៉ីល AIM 9X បន្ទាប់ពីមានការសហការគ្នាយ៉ាងដិតដល់ រវាងអាជ្ញាធរអាមេរិកនិងកាណាដា។ បើតាមលោក រ៉ាយដឺ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យយោធាអាមេរិកធ្វើការជាមួយកាណាដា ដើម្បីបាញ់ទម្លាក់វត្ថុខាងលើ ក្រោយជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក បៃដិន និង លោក ទ្រូដូ។
ដោយឡែក កាលពីថ្ងៃសុក្រ យន្តហោះចម្បាំងអាមេរិក F-22 បានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណមួយទៀត នៅលើរដ្ឋអាឡាស់ស្ការបស់អាមេរិកផ្ទាល់។ មន្ទីរបញ្ចកោណបានប្រាប់ថា វត្ថុនោះមានទំហំប៉ុនរថយន្តខ្នាតតូច ហោះនៅកម្ពស់១២,២០០ម៉ែត្រ មិនអាចបង្វែរទិសដៅធ្វើដំណើរដោយខ្លួនឯងបាន ហើយហាក់គ្មានមនុស្សបញ្ជាឡើយ។ វត្ថុនោះត្រូវបានប្រទះឃើញកាលពីថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ថា ការបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណទាំង២លើកខាងលើ នៅតំបន់អាមេរិកខាងជើង កើតមានឡើងបន្ទាប់ពី យោធាអាមេរិកបានប្រើប្រាស់ យន្តហោះចម្បាំង F-22 កាលពីថ្ងៃទី៤ ខែកុម្ភៈ ដើម្បីបាញ់ទម្លាក់នូវអ្វីដែលរដ្ឋាភិបាលអាមេរិក អះអាងថាជាបាឡុងចារកម្មរបស់ចិន នៅលើផ្ទៃសមុទ្រក្បែររដ្ឋការ៉ូលីណាខាងត្បូង (South Carolina) ក្រោយពីវាបានហោះនៅលើសហរដ្ឋអាមេរិក និងផ្នែកខ្លះនៃប្រទេសកាណាដា អស់រយៈពេលប្រហែលជា ១សប្តាហ៍។ ដោយឡែក ខាងទីក្រុងប៉េកាំងវិញបានអះអាងថា វាគឺជាបាឡុងស៉ីវិលធម្មតា ដែលប្រើប្រាស់សម្រាប់ការស្រាវជ្រាវផ្នែកឧតុនិយមប៉ុណ្ណោះ ប៉ុន្តែត្រូវបានខ្យល់បក់ឱ្យរសាត់ចេញពីគន្លងធ្វើដំណើរ ដែលបានគ្រោងទុក ហើយចិនបានរិះគន់ការសម្រេចចិត្តបាញ់ទម្លាក់របស់អាមេរិកថា ជាប្រតិកម្មជ្រុលហួសហេតុ៕