(អង់ការ៉ា)៖ មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែកជំនួយមនុស្សធម៌និងជំនួយសង្រ្គោះបន្ទាន់ លោក ម៉ាទីន គ្រីហ្វហ្វីស (Martin Griffiths) បាននិយាយថា តួលេខអ្នកបាត់បង់ជីវិតក្រោយគ្រោះរញ្ជួយដីដ៏ធំមួយ ដែលបានវាយប្រហារលើប្រទេសតួកគីនិងស៉ីរី កាលពីដើមសប្តាហ៍នេះ ប្រហែលនឹងបន្តកើនឡើងទ្វេដងឬច្រើនជាងនេះ ពីតួលេខបច្ចុប្បន្ន២៨,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីថ្ងៃសៅរ៍ លោក គ្រីហ្វហ្វីស បានធ្វើដំណើរទៅដល់ទីក្រុងខារ៉ាម៉ាន់ម៉ារ៉ាស់ (Kahramanmaras) ភាគខាងត្បូងប្រទេសតួកគី ខណៈវាស្ថិតនៅក្បែរ​ចំណុចរំញ័រនៃគ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ ដែលបានធ្វើឱ្យជីវិតមនុស្សរាប់លាននាក់ក្រឡាប់ចាក់​ កាលពីវេលាទាបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ។ លោក គ្រីហ្វហ្វីស បានលើកឡើងក្នុងបទសម្ភាសន៍មួយថា បើតាមការយល់ឃើញរបស់លោក វាគឺជារឿងពិបាកខ្លាំងណាស់ ក្នុងការកំណត់ឱ្យជាក់លាក់អំពីតួលេខអ្នកស្លាប់ ព្រោះក្រុមសង្រ្គោះត្រូវបន្តរុករក មនុស្សនៅកប់ជាប់ក្រោមអគារជាច្រើនដែលបានដួលរលំ ប៉ុន្តែលោកជឿថា តួលេខនឹងកើនទ្វេដងនិងច្រើនជាងនេះទៅទៀត ពីតួលេខបច្ចុប្បន្ន។

អង្គការសហប្រជាជាតិបានព្រមានថា មនុស្សយ៉ាងហោច៨៧០,០០០នាក់ នៅក្នុងប្រទេសតួកគីនិងស៉ីរី គឺត្រូវការស្បៀងអាហារជាបន្ទាន់ ខណៈមនុស្សរហូតដល់ ៥.៣លាននាក់ គិតត្រឹមនៅស៉ីរីតែឯងប៉ុណ្ណោះ ប្រហែលជាបានបាត់បង់កន្លែងជ្រកកោន។ ជាមួយគ្នាដែរ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មនុស្សជិត២៦លាននាក់ ប្រហែលជាបានទទួលរងការប៉ះពាល់ដោយសារគ្រោះរញ្ជួយដី ស្របពេលដែលខ្លួនចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិកា៤២.៨លានដុល្លារ ដើម្បីដោះស្រាយតម្រូវការបន្ទាន់ផ្នែកសុខភាព សម្រាប់ជនរងគ្រោះ។

គួរបញ្ជាក់ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់តួកគី បានឱ្យដឹងថា មនុស្សជាង៣២,០០០នាក់ មកពីតាមស្ថាប័នរបស់តួកគីផ្ទាល់ កំពុងចូលរួមក្នុងប្រតិបត្តិការរុករកនិងជួយសង្រ្គោះ ហើយក្រៅពីនេះក៏មានវត្តមានភ្នាក់ងារសង្រ្គោះអន្តរជាតិជាង ៨,០០០នាក់ផងដែរ។ ទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា ចំនួនអ្នកស្លាប់ក្រោយគ្រោះរញ្ជួយដីនៅតួកគី បានកើនដល់២៤,៦១៧នាក់ និងនៅស៉ីរី ៣,៥៧៤នាក់ ខណៈតួលេខសរុបគឺ ២៨,១៩១នាក់៕