(បែរឡាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អាល្លឺម៉ង់ បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា អង្គការណាតូ (NATO) នឹងធ្វើការពន្យារម្តងទៀតនូវអាណត្តិជា អគ្គលេខាធិការរបស់លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) ស្របពេលដែលសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ កំពុងព្យាយាមរក្សាស្ថិរភាពកំលុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។
សារព័ត៌មានអាល្លឺំម៉ង់ វែលអាំ សុនថាក់ (Welt am Sonntag) បានអះអាងថា សមាជិកណាតូនឹងពន្យារអាណត្តិរបស់លោក ស្តូលថិនបឺគ ដល់ខែមេសា ឆ្នាំ២០២៣ ដោយសារសមិទ្ធផលគួរឱ្យកោតសរសើររបស់លោក និងដើម្បីធានានូវស្ថិរភាពរបស់អង្គការណាតូ កំលុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលមិនទាន់មើលឃើញទីបញ្ចប់នៅឡើយ ក្នុងប្រទេសអ៊ុយក្រែន។
យោងតាមសារព័ត៌មានអាល្លឺម៉ង់ខាងលើ គឺរដ្ឋជាសមាជិកទាំង៣០ បានឯកភាពគ្នាក្រៅផ្លូវការថា លោក ស្តូលថិនបឺគ គួរនៅបន្តកាន់តំណែងលើសពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំនេះ ជាពេលដែលអាណត្តិលោកត្រូវផុតកំណត់ ខណៈការសម្រេចចិត្តជាផ្លូវការនឹងត្រូវធ្វើឡើង ក្នុងពេលប៉ុន្មានសប្តាហ៍ទៀត។ រយៈពេលដើមនៃអាណត្តិរបស់លោក ស្តូលថិនបឺគ ត្រូវបានពន្យារកាលពីខែមីនា ឆ្នាំមុន ពោលគឺ១ខែក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។
គួរបញ្ជាក់ថា លោក ស្តូលថិនបឺគ ធ្លាប់បានកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសន័រវែស ចាប់ពីឆ្នាំ២០០០-២០០១ និងពីឆ្នាំ២០០៥-២០១៣ មុនពេលក្លាយជាប្រមុខអង្គការណាតូ កាលពីឆ្នាំ២០១៤។ បើតាមសារព័ត៌មាន វែលអាំ សុនថាក់ មិនទាន់មានការសម្រេចចិត្តនៅឡើយទេ អំពីអ្នកដែលនឹងត្រូវឡើងបន្តវេនពីលោក ស្តូលថិនបឺគ ប៉ុន្តែនាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) និងរដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស (Ben Wallace) ហាក់ស្ថិតក្នុងចំណោមបេក្ខភាពនាំមុខគ្នា៕