(ម៉ានីល)៖ ទាហានម្នាក់បានបាញ់សម្លាប់សមាជិកចំនួន៤នាក់ នៅឯជំរុំយោធាមួយស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីននៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ ហ្វ្រាន់ស៉ីស្កូ ហ្ការ៉េឡូ (Francisco Garello) អ្នកនាំពាក្យកងពលធំថ្មើរជើងទី៤ បានប្រាប់កាសែតហ្វីលីពីនឲ្យដឹងថា ជនសង្ស័យហាក់ដូចជាបាត់បង់ភាពម្ចាស់ការ បន្ទាប់ពីម៉ោង ១អាធ្រាត នៅឯបរិវេណជំរុំយោធាក្នុងទីក្រុងកាហ្កាយ៉ាន់ ដេអូរ៉ូ (Cagayan de Oro)។ សមាជិកទាំង ៤នាក់ ត្រូវបានបាញ់ដោយកាំភ្លើង M16 ខណៈពួកគេកំពុងដេកលក់។ បន្ទាប់មកខ្មាន់កាំភ្លើងបានដើរទៅជំរុំមួយផ្សេងទៀត តែត្រូវទាហាន២នាក់ដែលត្រូវបានប្រាប់ឲ្យប្រុងប្រយ័ត្នជាមុននោះ ចាប់ក្រៀកនិងវាយសម្លាប់ជនសង្ស័យ។ ក្នុងចំណោមអ្នកទាំងពីរ មានម្នាក់រងរបួសធ្ងន់។
គួរបញ្ជាក់ថា ការស៊ើបអង្កេតផ្ទៃក្នុងបានចាប់ផ្តើម ដើម្បីកំណត់ពីមូលហេតុនៃករណីបាញ់ប្រហារនេះ និងភាពចន្លោះប្រហោងក្នុងដំណើរការជ្រើសរើស និងបណ្តុះបណ្តាលទាហានហ្វីលីពីន៕