(អង់ការ៉ា)៖ ជំនួយអន្តរជាតិនានា បានចាប់ផ្ដើមទៅដល់ផ្នែកខ្លះនៃប្រទេសតួកគី និងស៉ីរីជាបណ្ដើរៗហើយនៅថ្ងៃសៅរ៍នេះ ខណៈចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ២៤,០០០នាក់ហើយ ក្នុងរយៈពេលជាង ៥ថ្ងៃមកនេះ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើ​ប្រទេសទំាង២ កាលពីវេលាទាបភ្លឺ ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អាជ្ញាធរនៅក្នុងប្រទេសតួកគី បានឱ្យដឹងថាចំនួនអ្នកស្លាប់បានកើនដល់ ២០,៦៦៥នាក់ ខណៈនៅស៊ីរី ចំនួនអ្នកស្លាប់ក៏ត្រូវបានគេរាយការណ៍ដែរថាបានកើនដល់ ៣,៥៥៣នាក់ ហើយបូកបញ្ចូលតួលេខ ទាំងនេះចូលគ្នាធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ២៤,២១៨នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ ខ្នងបានដួលរំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សរាប់ម៉ឺននាក់ នៅក្នុងប្រទេសទាំង២បានរងរបួសដោយសារគ្រោះរញ្ជួយដីនេះ។ រីឯក្រុមអ្នកជួយសង្រ្គោះក្នុងប្រទេសទាំង២ នៅតែបន្តប្រតិបត្តិការរបស់ពួកគេនៅឡើយ ស្របពេលមនុស្សយ៉ាងហោច ៨៧០,០០០នាក់ ទាំងនៅក្នុងតួកគី និងស៉ីរី កំពុងត្រូវការជំនួយជាបន្ទាន់ ក្រោយគ្រោះរញ្ជួយដីដែលអាចនឹងធ្វើឱ្យប្រជាជនស៊ីរីដល់ទៅជាង ៥.៣លាននាក់ គ្មានផ្ទះសម្បែង។ នេះជាការព្រមានរបស់ UN។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគីស្ថិត នៅក្បែរព្រំដែន ស៊ីរី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោងខ្ទង់ជាង ៤ទាបភ្លឺថ្ងៃចន្ទ ហើយប៉ុន្មានម៉ោង​ក្រោយមក ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ រួមជាមួយការញ័ររញ្ជួយកម្រិតតូចៗបន្តបន្ទាប់ទៀតជាច្រើន។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់ ៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី៕