(កៀវ)៖ កងទ័ពអាកាសនៃប្រទេសអ៊ុយក្រែន បាន​ឱ្យដឹងថារុស្ស៉ីបានបើកការវាយប្រហារដោយបាញ់មីស៊ីលគ្រូសប្រហែលជា ៧១គ្រាប់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែ ៦១គ្រាប់នៃមីស៊ីលទាំងនេះត្រូវបាន បាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើ Telegaram​ កងទ័ពអាកាសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹមម៉ោង ១១៖៣០នាទីព្រឹក (កាលពីថ្ងៃសុក្រ) សត្រូវបានបាញ់មីស៊ីល ៧១គ្រាប់ ក្នុងនោះរួមមានទាំង មីស៊ីល X-101, X-555 និងមីស៊ីលកាលីប (Kalibr)...តែកងកម្លាំងការពារដែនអាកាស កងទ័ពអាកាស និងអង្គភាពដទៃទៀតនៃកងកម្លាំងការពារជាតិអ៊ុយក្រែន បានបាញ់កម្ទេចមីស៊ីលគ្រូសរបស់សត្រូវ ៦១គ្រាប់»

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៉ីហាល់ (Denys Shmyhal) បានឱ្យដឹងថារុស្ស៉ីបានបាញ់មីស៊ីលស្រោចមីស៉ីលច្រើនជាង ៥០គ្រាប់លើអ៊ុយក្រែន តែ ភាគច្រើនលើលលប់នៃមីស៊ីលទាំងនេះត្រូវបានបាញ់ទម្លាក់។ បើតាមកងទ័ពអាកាសអ៊ុយក្រែន នៅក្នុងការវាយប្រហារចុងក្រោយបំផុតខាងលើ រុស្ស៉ីបានប្រើយន្ដហោះទម្លាក់គ្រាប់បែក Tu-95MS ចំនួន ៨គ្រឿង និងបានបាញ់មីស៊ីលគ្រូស X-101 និង X-555 ចេញពីសមុទ្រ Caspian Sea និងទីក្រុង វ៉ូលហ្គូដុនស្កិ៍ (Volgodonsk) ក្នុងប្រទេសរុស្ស៉ី។ ចំណែកឯ មីស៊ីលគ្រូស កាលីប (Kalibr) ត្រូវបានរុស្ស៉ី បាញ់ចេញពីនាវាចម្បាំងក្នុងសមុទ្រខ្មៅ៕