(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ចិនមួយរូបបានប្រាប់មន្ត្រីជាន់ខ្ពស់ម្នាក់មកពីគណបក្សប្រឆាំងនៅតៃវ៉ាន់ថា គណបក្សកុម្មុយនិស្ដចិន និងគណបក្សគួមិញតាង Kuomintang (KMT) របស់តៃវ៉ាន់ គួរតែប្រឆាំងនឹង រាល់ការប៉ុនប៉ងប្រកាសឯករាជ្យភាពរបស់តៃវ៉ាន់ និងការលូកលាន់ចូលកិច្ចការផ្ទៃក្នុងពីកម្លាំងខាងក្រៅ ដែលជាទូទៅចិនចង់សំដៅលើសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក វ៉ាង ហ៊ូនីង (Wang Huning) ជាមេដឹកនាំជាន់ខ្ពស់ឈរនៅលំដាប់លេខរៀងទី៤ នៅក្នុងគណបក្សកុម្មុយនិស្ដចិន ធ្វើការកត់សម្គាល់ខាងលើប្រាប់លោក អែនឌ្រូន សៀ (Andrew Hsia) ដែលជាអនុប្រធានគណបក្សគួមិញតាង ដែលជាបក្សប្រឆាំងដ៏ធំបំផុតនៅតៃវ៉ាន់ នៅក្នុងជំនួបមួយនៅឯទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក វ៉ាង ហ៊ូនីង បានបញ្ជាក់ថា គណបក្សទាំង២ គួរតែធ្វើការរួមគ្នាដើម្បីរក្សាឱ្យបាននូវសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ដោយឡែក បើតាមសេចក្ដីថ្លែងការណ៍មួយរបស់គណបក្សគួមិញតាង លោក សៀ ក៏បានប្រាប់លោក វ៉ាង វិញដែរថាមិនថាចិន និងតៃវ៉ាន់មានការខ្វែងគំនិតគ្នាធំប៉ុនណានោះទេ ដរាបណាឱ្យតែភាគីទាំង២ អាចបន្តកិច្ចសន្ទនា និងចាត់ទុកថាការរក្សាសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ជាកាតព្វកិច្ចចម្បង នោះគ្មានឧបសគ្គ ឬភាពលំបាកណាមួយ ដែលមិនអាចដោះស្រាយបាននោះឡើយ។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យចម្រើននិយមរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក អែនឌ្រូន សៀ ទៅកាន់ទីក្រុងប៉េកាំង ដោយចោទថាលោកមានទំនោរងាកទៅរកកុម្មុយនិស្ដ។ គណបក្សគួមិញតាង Kuomintang (KMT) ត្រូវបានគេមើលឃើញថាមានទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែជារឿយតែងតែបក្សប្រឆាំងតៃវ៉ាន់មួយនេះ បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនជាអ្នកគាំទ្រទីក្រុងប៉េកាំង៕