(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង បានបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាម្យ៉ាង ដែលហោះនៅក្នុង ដែនអាកាសរដ្ឋអាឡាស្កា (Alaska)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្ដមសេនីយ៍ត្រី Patrick Ryder វត្ថុមិនស្គាល់អត្តសញ្ញាខាងលើមានទំហំប៉ុនរថយន្ដធុនតូចមួយគ្រឿង ហើយយោធាអាមេរិកប្រើប្រាស់យន្ដហោះចម្បាំង F-22 Raptor ដោយបាញ់មីស៊ីល AIM-9X មួយគ្រាប់ ដើម្បីទម្លាក់វត្ថុនេះ។ ចំណែកឯ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បានឱ្យដឹងដែរថា លោកប្រធានាធិបតី ចូ បៃដិន គឺជាអ្នកបញ្ជាឱ្យយោធាបាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញានេះ។ លោក Kirby បានបន្ថែមថាយោធាអាមេរិកមិនទាន់អាចបញ្ជាក់ពីវត្ថុបំណង ឬប្រភពដើមនៃវត្ថុមួយនេះ ឬក៏ថាតើវាជាកម្មសិទ្ធិ របស់រដ្ឋាភិបាល ឬក៏ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនណាមួយនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់ថាយោធាអាមេរិកត្រូវតែបាញ់ទម្លាក់វត្ថុនេះ ដោយសារតែវាហោះនៅរយៈកម្ពស់ ១២,០០០ម៉ែត្រ ដែលអាច គំរាមកំហែងដល់យន្ដហោះស៊ីវិល។

គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើ កើតមានឡើងតែជាង៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាអាមេរិកបានបាញ់ទម្លាក់បាឡុងមួយរបស់ចិន ដែលមន្ទីរបញ្ចកោណចោទថាជាបាឡុងស៊ើបការណ៍ ដោយបង្ក ឱ្យមានភាពតានតឹងផ្នែកការទូតយ៉ាងខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន។ មួយវិញទៀត បើតាមលោក John Kirby វត្ថុមិនស្គាល់អត្តសញ្ញាខាងលើមានទំហំតូចជាងបាឡុងរបស់ចិន ដែលត្រូវបាន យន្ដហោះចម្បាំង F-22 ប្រើមីស៊ីលបាញ់ទម្លាក់នៅឯតំបន់ឆ្នេរនៃមហាសមុទ្រអាត្លង់ទិកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ យ៉ាងណាក៏ដោយ ចិននៅតែទទូចថាបាឡុងរបស់ខ្លួនគឺជាបាឡុងស៊ីវិលធម្មតា និងចោទថាសហរដ្ឋអាមេរិកបានបញ្ចេញប្រតិកម្មជ្រុលហួសហេតុពេក៕