(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយនៅថ្ងៃសុក្រនេះថា លោកអាចនឹងដក លោក វ្ល៉ាឌីមៀ ពូទីន ពីកិត្តិយសខ្ពស់បំផុតរបស់ប្រទេសបារាំង ដោយលោកបានសារភាពថា វាត្រូវការពេលវេលាដ៏ត្រឹមត្រូវមួយ ដើម្បីធ្វើដូច្នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ពូទីន បានទទួលមេដាយកិត្តិយសដែលគរហៅថា the Legion d'Honneur ដែលជាឋានៈខ្ពស់បំផុតក្នុងកិត្តិយសរបស់បារាំង ប្រគល់ដោយអតីតប្រធានាធិបតីបារាំង លោក Jacques Chirac កាលពីឆ្នាំ២០០៦ នៅពេលដែលទីក្រុងមូស្គូមានទំនាក់ទំនងល្អជាមួយទីក្រុងប៉ារីស និងលោកខាងលិច។

ប៉ុន្តែចាប់តាំងពី លោក ពូទីន បានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន ទំនាក់ទំនងទាំងអស់បានធ្លាក់ចុះស្ទើរដល់ចំណុចសូន្យ ហើយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយចំនួនលើរុស្ស៉ី។

កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ម៉ាក្រុង បានប្រគល់រង្វាន់កិត្តិយសខ្ពស់បំផុតនេះផងដែរ ដល់ប្រធានាធិបតីអ៊ុយក្រែន ដែលជាសត្រូវរបស់លោក ពូទីន គឺលោក ហ្សឡេនស្គី ប៉ុន្តែមិនបានដកវាចេញជាផ្លូវការ ពីលោក ពូទីន នោះទេ។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយសហភាពអឺរ៉ុប ដែលមេដឹកនាំទាំងនេះបានពិចារណាលើការបង្កើនការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន លោក ម៉ាក្រុង បានទទួលស្គាល់ថា បញ្ហានៃមេដាយកិត្តយសរបស់ លោក ពូទីន គឺគ្រាន់តែនិមិត្តសញ្ញា ប៉ុន្តែមានសារៈសំខាន់។

ទន្ទឹមគ្នានេះ ប្រធានាធិបតីបារាំងរូបនេះបានសង្កត់ធ្ងន់ទៀតថា ការសម្រេចចិត្តដកហូតមេដាយកត្តិយសបែបនេះ គឺវាមានន័យធ្ងន់ធ្ងរ ហើយវាត្រូវធ្វើឡើងនៅពេលដ៏ត្រឹមត្រូវមួយ៕