(ប៉េកាំង)៖ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ក្រសួងការបរទេសចិនបានបញ្ជាក់ថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិនចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ។ លោក Xu Liping អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ យុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិកនិងសកលនៃបណិ្ឌត្យសភាវិទ្យាសាស្ត្រសង្គមប្រទេសចិន បានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា ដំណើរទស្សនកិច្ចលើនេះគឺធ្វើឡើងក្រោមបរិបទ ដែលការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនបានឈានចូលដំណាក់កាលថ្មី បច្ចុប្បន្ននេះ ប្រទេសចិនបានរៀបចំឡើងវិញនូវការទៅមក នៃអ្នកដំណើរជាមួយបរទេស ហេតុនេះហើយ នេះគឺជាដំណើរទស្សនកិច្ចមួយលើកដែលធ្វើឡើងសម្របទៅតាមនិន្នាការ ហើយក៏ជាដំណើរទស្សនកិច្ចមួយលើកដែលពោរពេញទៅដោយក្តីសង្ឃឹម ដែលបានធ្វើឡើងនៅនិទាឃរដូវផងដែរ។ ឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងរួមគ្នាគ្រោងផែនការអំពីគោលដៅអភិវឌ្ឍន៍ រយៈពេលមធ្យមនិងយូរ ។

លោក Xu Liping បានលើកឡើងទៀតថា ការតភ្ជាប់ទំនាក់ទំនងខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺ មានសារសំខាន់ណាស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់តំបន់អាស៊ានទាំងមូល ។ ក្នុងនាមជាប្រទេសមិនសូវរីកលូតលាស់ ប្រសិនបើកម្ពុជាអាចដោះស្រាយបាននូវបញ្ហាផ្លូវថ្នល់និងផ្លូវដែក នោះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ វានឹងដើរតួនាទីជំរុញយ៉ាងសកម្មក្នុងការកែលម្អបរិយាកាសវិនិយោគរបស់ខ្លួន បង្កើនជំនឿចិត្តរបស់ប្រជាជនកម្ពុជាដែលចង់ស្វែងរក ជីវភាពរស់នៅដ៏ល្អបវរ ក៏ដូចជាបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ។

សូមបញ្ជាក់ថា ក្នុងនាមជា «មិត្តដែកថែប» ដ៏ពិតប្រាកដរបស់ប្រទេសចិន ជានិច្ចកាល កម្ពុជាតែងតែជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់ប្រទេសចិននៅអាស៊ីអាគ្នេយ៍ ។ ទាក់ទិននឹងរឿងនេះ លោក Xu Liping បានថ្លែងថា ក្នុងបរិបទដែលភាពបម្រែបម្រួលរបស់ពិភពលោក នាពេលបច្ចុប្បន្ន បានឆ្ពោះទៅរកភាពមិនប្រាកដប្រជាពីមួយថ្ងៃទៅមួយថ្ងៃ ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់សម្តេច ហ៊ុនសែន លើកនេះបានបញ្ចេញសញ្ញាយ៉ាងខ្លាំងទៅកាន់ ប្រទេសជិតខាងនិងពិភពលោកទាំងមូលថា រាល់ការប៉ុនប៉ងដើម្បីផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ ព្រមទាំងបង្កជាការបដិបក្ខគ្នាជាក្រុម គឺ មិនអាចទទួលបានការគាំទ្រនោះទេ ហើយទីបំផុតមុខជានឹងទទួលបរាជ័យជាមិនខាន ។

លោក Xu Liping បានសង្កត់ធ្ងន់ថា ប្រទេសធំនៅក្រៅតំបន់មួយចំនួនបានចាត់ទុកខ្លួនថាជា 'គ្រូជំនាញសិទ្ធិមនុស្ស' ដែលចេញបទបញ្ជាចំពោះប្រទេសអាស៊ីអាគ្នេយ៍ តាមពិតទៅ ប្រការនេះមិនស៊ីសង្វាក់គ្នាជាមួយតម្រូវការរបស់ប្រទេសទាំងនេះទេ។ បើនិយាយចំពោះប្រទេសអាស៊ានភាគច្រើន ភារកិច្ចចម្បង គឺ ការអភិវឌ្ឍសម្រេចបាននូវការធ្វើទំនើបកម្មផ្នែកសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាបានចាក់ឬសគល់ ក្នុងសំណូមពររួមរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយរាល់ការគាបសង្កត់និងគំរាមកំហែងពីកម្លាំងខាងក្រៅសុទ្ធតែ មិនអាចកែប្រែទិសដៅធំនៃកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងកម្ពុជានោះទេ។

លោក Xu Liping បានលើកឡើងថែមមួយកម្រិតទៀតថា សំដៅចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើម សន្តិសុខសកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ប្រទេសអាស៊ីអាគ្នេយ៍សុទ្ធតែជាអ្នកចូលរួមនិងជាអ្នកគាំទ្រយ៉ាងសកម្ម។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាស៊ានទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ នៅពេលអនាគត កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្តិសុខក៏នឹងទទួលបានការពង្រឹងនិងពង្រីក ក៏ដូចជាធ្វើឱ្យស៊ីជម្រៅផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន