(តូក្យូ)៖ អាជ្ញាធររដ្ឋាភិបាល និងប្រតិបត្តិករបាននិយាយថា ព្រិលធ្លាក់ខ្លាំងទូទាំងប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ បាននាំឲ្យមានការលុបចោលជើងហោះហើរចំនួន១០០ បិទផ្លូវជាច្រើន និងរំខានដល់សេវាកម្មរថភ្លើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងដែនដីជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក រួមទាំងក្រុមហ៊ុនអាណា (ANA) ជប៉ុនអ៊ែរឡាញ (Japan Airlines) និងក្រុមហ៊ុនផ្សេងទៀតបានលុបចោលជើងហោះហើរចំនួន ១០០ ដោយសារតែព្រិលធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃត្រង់ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ ផ្នែកខ្លះនៃផ្លូវហាយវ៉េចំនួន ៣១ខ្សែត្រូវបានបិទ នៅភាគកណ្តាលនិងភាគខាងកើតប្រទេសជប៉ុន ខណៈដែលច្រកចេញពីផ្លូវហាយវ៉េក្នុងទីក្រុងតូក្យូ ចំនួន ៥៤ទីតាំងត្រូវបានបិទ។ រីឯ សេវាកម្មនៅលើផ្លូវរថភ្លើងជាង ១០ខ្សែនៅភាគកណ្តាល និងភាគខាងកើតប្រទេសជប៉ុន បានផ្អាកប្រតិបត្តិការ ឬគ្រោងនឹងធ្វើដូច្នេះ។ ក្នុងនោះ East Japan Railway ដែលជាក្រុមហ៊ុនរថភ្លើងដ៏ធំបំផុតរបស់ប្រទេស បាននិយាយថា សេវាកម្មរថភ្លើងល្បឿនលឿនរវាងទីក្រុងតូក្យូ និងខេត្តភាគឦសាននៃ តំបន់យ៉ាម៉ាកាតា (Yamagata) អាចនឹងត្រូវផ្អាកនៅយប់ថ្ងៃសុក្រ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុនដឹកជញ្ជូនធំៗ រួមមានក្រុមហ៊ុនយ៉ាម៉ាតុ ត្រេនស្ពត (Yamato Transport) និងក្រុមហ៊ុនសាហ្កាវ៉ា អ៉ិចប្រេស (Sagawa Express) សេវាកម្មដឹកជញ្ជូនរបស់ពួកគេ អាចជួបប្រទះការពន្យារពេលរហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕