(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលខ្លួនចោទប្រកាន់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ការលក់ និងការដឹកជញ្ជូនសារធាតុគីមីឥន្ធនៈ និងប្រេងរបស់អ៉ីរ៉ង់ មកឲ្យអ្នកទិញនៅក្នុងតំបន់អាស៊ី ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនសម្ពាធលើទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតគីមីឥន្ធនៈ ដែលមានមូលដ្ឋាននៅអ៉ីរ៉ង់ចំនួន៦ ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ រួមទាំងក្រុមហ៊ុនចំនួន៣ នៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ជុំវិញការផលិត ការលក់ និងការដឹកជញ្ជូនផលិតផលគីមីឥន្ធនៈ និងប្រេងអ៉ីរ៉ង់ ដែលមានតម្លៃរាប់រយលានដុល្លារ។

លោក ប្រាយអេន ណេលសុន (Brian Nelson) អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុទទួលបន្ទុកបទល្មើសភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា «អ៊ីរ៉ង់កំពុងងាកទៅរកអ្នកទិញនៅតំបន់អាស៊ីបូព៌ា ដើម្បីលក់ផលិតផលគីមីឥន្ធនៈ និងប្រេងឥន្ធនៈរបស់ខ្លួន ដោយបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនៅតែផ្តោតការកំណត់គោលដៅ លើប្រភពនៃប្រាក់ចំណូលខុសច្បាប់របស់ទីក្រុងតេហេរ៉ង់ ហើយបន្តអនុវត្តទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងអ្នកដែលសម្របសម្រួលពាណិជ្ជកម្មនេះដោយចេតនា»

គួរបញ្ជាក់ថា ចំណាត់ការថ្មីចុងក្រោយរបស់អាមេរិកប្រឆាំងនឹងការរត់ពន្ធប្រេងរបស់អ៉ីរ៉ង់ កើតមានឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កំពុងបន្តជាប់គាំង ហើយទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ និងលោកខាងលិចកាន់តែតានតឹង៕