(វ៉ាស៉ីនតោន)៖ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ាយ ផេនស៍ (Mike Pence) ត្រូវបានកោះហៅដោយរដ្ឋអាជ្ញាពិសេស ដែលត្រួតពិនិត្យការស៊ើបអង្កេត លើកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីនៅពេលនោះ គឺលោក ដូណាល់ ត្រាំ និងក្រុមរបស់លោកដើម្បីប្រឆាំង លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

បុគ្គលមួយរូបដែលដឹងអំពីបញ្ហានេះ បានប្រាប់សារព័ត៌មាន AP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃព្រហស្បតិ៍ថា ដីកាកោះហៅ លោក ផេនស៍ ត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក ជេក ស្មីត (Jack Smith)។ រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក លោក មឺរីក ហ្កាលែន (Merrick Garland) បានជ្រើសរើសលោក ស្មីត ដែលជាអតីតរដ្ឋអាជ្ញាទទួលបន្ទុកបទល្មើសពុករលួយ ដើម្បីធ្វើជាទីប្រឹក្សាពិសេសសម្រាប់ការស៊ើបអង្កេតលើការប៉ុនប៉ងរបស់ លោក ត្រាំ ប្រឆាំងនឹងការទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលនាំទៅដល់ការបះបោរនៅថ្ងៃទី៦ ខែមករា នៅឯវិមានកាពីតូល ក៏ដូចជាការកាន់កាប់ឯកសារសំងាត់ក្រោយចាកចេញពីតំណែង។

គួរបញ្ជាក់ថា ស្ថានការណ៍វិវឌ្ឍន៍ខាងលើ ដែលមានលទ្ធភាពអាចនឹងមើលឃើញអតីតអនុប្រធានាធិបតីរូបនេះ ផ្តល់សក្ខីកម្មប្រឆាំងនឹងអតីតចៅហ្វាយរបស់លោក គឺលោក ត្រាំ នៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម គឺកើតមានឡើងស្របពេលដែល លោក ផេនស៍ ពិចារណាប្រកួតប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំ២០២៤។ លោក ត្រាំ និងលោក ផេនស៍ ហាក់បានបាត់បង់ភាពស្និទ្ធស្នាល់នឹងគ្នា ចាប់តាំងពីក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បានចូលលុយលុកវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោមគោលបំណងព្យាយាមរារាំងជ័យជម្នះរបស់លោក បៃដិន។