(វ៉ាស៉ីនតោន)៖ ប្ល៊ូអូរីជីន (Blue Origin) ដែលជាក្រុមហ៊ុនអវកាសឯកជន បង្កើតឡើងដោយកំពូលមហាសេដ្ឋីអាមេរិក លោក ចេហ្វ បេហ្សូស (Jeff Bezos) ទើបតែទទួលបានកិច្ចសន្យាទីមួយរបស់ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) ស្តីពីការធ្វើដំណើរទៅកាន់ភពដទៃ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ក្នុងកិច្ចសន្យានោះ NASA នឹងប្រើប្រាស់គ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន Blue Origin ដើម្បីចេញបេសកកម្មមួយនៅឆ្នាំក្រោយ ក្រោមគោលដៅឆ្ពោះទៅ​សិក្សាអំពី ដែនម៉ាញេទិចនៅជុំវិញភពអង្គារ (Mars)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារ NASA បាននិយាយថា យោងតាមផែនការគឺគ្រាប់រ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ ដែលទើបអភិវឌ្ឍថ្មីៗនេះរបស់ Blue Origin មានឈ្មោះថា ញូ ហ្គ្លេន (New Glenn) នឹងត្រូវបាញ់បង្ហោះជាមួយយានអវកាសភ្លោះរបស់ NASA ក្នុងបេសកកម្មឈ្មោះថា អេស្កាផេដ (ESCAPADE) នៅកំលុងចុងឆ្នាំ២០២៤ ចេញពីមជ្ឈមណ្ឌលអវកាស នៅជ្រោយខាណាវើរ៉ាល់ (Cape Canaveral) ក្នុងរដ្ឋផ្លូរីដា។

វានឹងប្រើពេលប្រហែលជា១១ខែ ដើម្បីឱ្យបេសកកម្ម ESCAPADE ធ្វើដំណើរទៅដល់គន្លងក្បែរភពអង្គារ ជាទីដែលយានភ្លោះទាំង២គ្រឿង នឹងត្រូវប្រមូលយក​ទិន្នន័យអំពីដែនម៉ាញេទិចរបស់ភពក្រហមយក្សនោះ ព្រមទាំងអំពីការធ្វើអន្តរកម្មរបស់វា ជាមួយនឹងចំហាយវិទ្យុសកម្មរបស់ព្រះអាទិត្យ។ គ្រាប់រ៉ុក្កែត New Glenn ត្រូវបានដាក់ឈ្មោះតាម អវកាសយានិកល្បីឈ្មោះរបស់សហរដ្ឋអាមេរិក គឺលោក ចន ហ្គ្លេន (John Glenn) ដែលបានក្លាយជាជនជាតិអាមេរិក​ដំបូងគេ ដែលបានធ្វើដំណើរគោចរជុំវិញផែនដី កាលពីឆ្នាំ១៩៦២។

គួរបញ្ជាក់ថា កិច្ចសន្យាខាងលើគឺជាកិច្ចសន្យាស្តីពីបេសកកម្មធ្វើដំណើរឆ្លងភពលើកដំបូង ដែលក្រុមហ៊ុន Blue Origin ទទួលបានពីទីភ្នាក់ងារអវកាស ​NASA។ កន្លងមក Blue Origin ធ្លាប់បានបាញ់បង្ហោះបេសកកម្មមួយចំនួនរបស់ NASA ដោយប្រើប្រាស់រ៉ុក្កែតធុនស្រាលប៉ុណ្ណោះ ហៅថា ញូវ សឺផាដ (New Shepard) ដែលអាចធ្វើដំណើរបានត្រឹមចម្ងាយជិតៗ៕