(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសថា កូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមជាថ្មីវិញ នូវការផ្តល់ទិដ្ឋាការប្រភេទស្នាក់នៅរយៈពេលខ្លី សម្រាប់អ្នកដំណើរមកពីប្រទេសចិន នៅថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីស្ថានការណ៍ជំងឺកូវីដ១៩ នៅចិន មានភាពប្រសើរឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

កូរ៉េខាងត្បូងបានផ្អាកការចេញទិដ្ឋាការស្នាក់នៅរយៈពេលខ្លី ឱ្យអ្នកដំណើរមកពីចិន កាលពីខែមករាកន្លងទៅនេះ ក្រោយប្រទេសចិនបានលុបចោល គោលនយោបាយសូន្យកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន ហើយនាំមានឱ្យករណីឆ្លងនៅក្នុងប្រទេស មានការកើនឡើងខ្លាំង។ នាពេលនោះ ទីក្រុងប៉េកាំងបានចេញ​ចំណាត់ការសងសឹកប្រឆាំងនឹងទីក្រុងសេអ៊ូល តាមរយៈការផ្អាកផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលខ្លី សម្រាប់អ្នកដំណើរកូរ៉េខាងត្បូង។

យ៉ាងណាក្តី នៅថ្ងៃសុក្រនេះ លោក គីម ស៊ុងហូ (Kim Sung Ho) អនុរដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តដំណើរការ​ឡើងវិញនូវការផ្តល់ទិដ្ឋាការខាងលើ គឺបន្ទាប់ពីបានមើលឃើញថា ចំនួនករណីឆ្លងកូវីដ១៩ ក្នុងចំណោមអ្នកដំណើរចិន ដែលចូលមកដល់កូរ៉េខាងត្បូង បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយក៏ពុំមានការរកឃើញវីរុសបំប្លែងថ្មីណាមួយដែរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ឌុកស៊ូ (Han Duck-soo) បានបង្ហាញសញ្ញាពីការលុបចោលការរឹតត្បិត ទិដ្ឋាការ​លើអ្នកដំណើរចិន នៅមុនដំណាច់ខែកុម្ភៈនេះ ប្រសិនស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសចិនមានភាពប្រសើរឡើង៕