(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយជំហានដំបូងសរុប ៨៥លានដុល្លារ សម្រាប់ការសង្រ្គោះជាបន្ទាន់ ក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏ប្រល័យ នៅឯប្រទេសតួកគីនិងស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារអាមេរិក USAID បាននិយាយថា មូលនិធិខាងលើនឹងត្រូវប្រគល់ទៅកាន់ដៃគូក្នុងតំបន់ ដើម្បីនាំយកជំនួយដ៏ចាំបាច់បន្ទាន់ ផ្តល់ជូនមនុស្សចំនួន​រាប់លាននាក់ រួមមានស្បៀងអាហារ កន្លែងជ្រកកោណ និងសេវាសុខភាពជាដើម។ USAID បានបន្ថែមថា ថវិកាទាំងនេះក៏នឹងជួយគាំទ្រចំពោះ​ទឹកបរិភោគមានសុវត្ថិភាព ព្រមទាំងអនាម័យ ដើម្បីទប់ស្កាត់ការផ្ទុះរាតត្បាតនៃជំងឺឆ្លងផ្សេងៗថែមទៀត។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏បានបញ្ជូនក្រុមសង្រ្គោះហើយ​ចូលរួមចំណែកផ្តល់សម្ភារនិងឧបករណ៍ចម្រុះជាច្រើន ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារកាលពីថ្ងៃចន្ទ គឺបន្តកើនលើស២១,០០០នាក់ហើយ នៅក្នុងប្រទេសតួកគីនិងស៉ីរី។ តួលេខនេះបានឡើងហួសផុតពីចំនួនអ្នកស្លាប់ជាង ១៧,០០០នាក់ កាលពីឆ្នាំ១៩៩៩ នៅពេលហេតុការណ៍រញ្ជួយដីខ្លាំងស្រដៀងគ្នា បានវាយប្រហារភាគពាយព្យតួគកី៕