(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) បាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាដាក់ចេញនូវច្បាប់តឹងរ៉ឹង ក្នុងគោលបំណងធ្វើឲ្យកាន់តែងាយស្រួលក្នុងបណ្តេញអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលពាក្យសុំរបស់ពួកគេត្រូវបានបដិសេធ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេល ១៦ម៉ោង នៃមេដឹកនាំសហភាពអឺរ៉ុប បានសម្រេចកិច្ចព្រមព្រៀងមួយស្តីពី «គោលការណ៍» ដែលប្រទេសសហភាពអឺរ៉ុបមួយអាចប្រើសេចក្តីសម្រេចរបស់តុលាការ នៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុបមួយផ្សេងទៀត ដើម្បីបញ្ជូនជនចំណាកស្រុកខុសច្បាប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេ។

លោកស្រី វ៉ុនឌឺ ឡេយិន បានគូសបញ្ជាក់ថា «គម្រោងសាកល្បង ដោយផ្អែកលើការល្បាតព្រំដែន ការផ្តល់សិទ្ធិជ្រកកោន ភ្នាក់ងារសហប្រតិបត្តិការរបស់ប៉ូលិសរបស់សហភាពអឺរ៉ុប នឹងផ្តោតលើការបង្កើតនីតិវិធីផ្តល់សិទ្ធិជ្រកកាន់តែលឿន និងយុត្តិធម៌ នៅឯព្រំដែនខាងក្រៅរបស់ប្លុកនេះតែម្តង»។

គួរបញ្ជាក់ថា វិធានការនេះគឺជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់អឺរ៉ុប ចំពោះការកើនឡើងនៃជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានក្លាយជាបញ្ហាដ៏ក្តៅគគុកនៅក្នុងប្រទេសសមាជិកមួយចំនួន។ ចំណាត់ការរបស់ EU កន្លងមក ធ្វើឲ្យការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោណបរាជ័យ ទៅប្រទេសកំណើតរបស់ពួកគេវិញ ស្ថិតក្នុងកម្រិតមួយទាប៕