(កូឡាឡាំពួរ)៖ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អតីតរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin នឹងប្តូរអាជីពធ្វើជា DJ ឲ្យស្ថានីយ៍វិទ្យុក្នុងស្រុកមួយរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងកិច្ចសម្ភាសន៍តាមទូរសព្ទជាវិទ្យុ Hot FM លោក Khairi បានបញ្ជាក់ថា លោកនឹងចូលរួមជាមួយវិទ្យុនេះ ដោយលោកនឹងចាប់ផ្តើមការងារនៅថ្ងៃពុធសប្តាហ៍ក្រោយនេះហើយ។ ជាមួយការងារថ្មីនេះលោកនឹងចូលរួមគ្រប់គ្រងកម្មវិធី Bekpes Hot ដែលនឹងចាប់ផ្តើមពីម៉ោង៦ ដល់ម៉ោង ១០ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។
គួរបញ្ជាក់ថា កាលពីខែមករា លោក Khairi ត្រូវបានបណ្តេញចេញពីគណបក្ស UMNO បន្ទាប់ពីមានកិច្ចប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់របស់គណបក្ស។ សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់របស់ UMNO លោក Bad Zarkashi បានអះអាងនៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃទី២៨ ខែមករាថា លោក Khairi ត្រូវបានបណ្តេញចេញពីគណបក្ស ដោយសារតែលោកបានរិះគន់គណបក្ស និងប្រធានរបស់ខ្លួន ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតសកលលើកទី១៥៕