(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំងបានចេញមុខថ្កោលទោស ការធ្វើអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលអះអាងថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង កំពុងប្រឈមបញ្ហាធំៗជាច្រើន ខណៈភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរបានកើនឡើងកម្តៅខ្លាំង កាលពីពេលថ្មីៗនេះ ដោយសារឧប្បត្តិហេតុបាឡុងចិន ហោះចូលដែនរបស់សហរដ្ឋអាកាសអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក បៃដិន បានិយាយកាលពីថ្ងៃពុធថា ចិនត្រូវបានរឹតត្បិតនូវសមត្ថភាពក្នុងការប្រឈមតទល់ជាមួយសហរដ្ឋអាមេរិក ដោយសារតែភាពចាំបាច់ក្នុងការការពារការធ្វើពាណិជ្ជកម្មអន្តរជាតិ ហើយលោក ស៉ី ជិនពីង ផ្ទាល់ កំពុងស្ថិតនៅលើទីតាំងមួយ ដែលមិនអំណោយផលនោះឡើយ។ លោកប្រធានាធិបតីអាមេរិកបានបន្ថែមដូច្នេះថា «លោក ស៉ី មានបញ្ហាធំៗជាច្រើន រួមមានទាំងបញ្ហាផ្នែកសេដ្ឋកិច្ច ដែលហាក់កំពុងដំណើរការមិនល្អនោះទេ។ តើអ្នកអាចគិតឃើញមេដឹកនាំពិភពលោកណាផ្សេង ដែលសុខចិត្តដោះដូរកន្លែងគ្នាជាមួយលោក ស៉ី ជិនពីង ដែរឬទេ? ខ្ញុំវិញគឺមិនអាចគិតឃើញឡើយ»។
ឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់លោក បៃដិន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ទីក្រុងប៉េកាំងមានការមិនពេញចិត្តជាខ្លាំង ហើយលោកស្រីបានសង្កត់ធ្ងន់ដូច្នេះថា «ពាក្យសម្តីប្រភេទនេះពីសហរដ្ឋអាមេរិក គឺជាមានលក្ខណៈពោរពេញដោយ ការមិនទទួលខុសត្រូវជាខ្លាំង និងផ្ទុយពីបែបបទមូលដ្ឋាននៃការទូត។ ចិនជំទាស់ដាច់ខាតចំពោះរឿងនេះ»។
គួរបញ្ជាក់ថា បន្ទាប់ពីជួបភាពកក់ក្តៅបានបន្តិច ក្រោយជំនួបទល់មុខគ្នានៅក្រៅកិច្ចប្រជុំ G20 កាលពីខែវិច្ឆិកា ឆ្នាំ២០២២ រវាងលោក បៃដិន និងលោក ស៉ី ទំនាក់ទំនងអាមេរិក-ចិន បានចុះត្រជាក់ឡើងវិញកាន់តែខ្លាំង ជាពិសេសក្រោយវត្តមានកាលពីពេលថ្មីៗនេះ នៃបាឡុងមួយរបស់ចិន ដែលអាមេរិកបានសម្រេចបាញ់ទម្លាក់ពីលើមេឃ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ ទីក្រុងវ៉ាស៉ីនតោនបានអះអាងថា វាគឺជាបាឡុងស៉ើបការណ៍ ខណៈចិនវិញបានអះអាងថា វាគឺជាបាតុឡុងឧតុនិយម ដែលត្រូវខ្យល់បក់រសាត់ចូលដល់ដែនអាកាសអាមេរិក ដោយអចេតនា។ ក្នុងបទសម្ភាសន៍កាលពីថ្ងៃពុធ លោក បៃដិន បាននិយាយការពារ ការសម្រេចចិត្តបាញ់ទម្លាក់បាឡុងចិននោះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អាមេរិកមិនមែនចង់បង្កជម្លោះជាមួយចិនឡើយ៕