(មូស្គូ)៖ លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាស្ថានិកក្រុមហ៊ុន Wagner បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនជ្រើសរើសទាហានស៉ីឈ្នួលរបស់លោក បានបិទបញ្ចប់ហើយនូវយុទ្ធនាការប្រម្រែប្រមូលអ្នកទោសពីតាមពន្ធនាគារ ដើម្បីយកទៅប្រយុទ្ធក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ព្រីហ្គោហ្ស៉ីន បាននិយាយដូច្នេះថា «ដំណើរការកែនអ្នកទោសយកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន ដោយក្រុមហ៊ុន Wagner ត្រូវបានបញ្ឈប់ទាំងស្រុង។ ឥឡូវនេះពួកយើងកំពុងបំពេញតាមកាតព្វកិច្ចរបស់យើង ចំពោះអ្នកទាំងឡាយដែលកំពុងធ្វើការឱ្យក្រុមហ៊ុនយើង»។ ក្រុមហ៊ុន Wagner បានចាប់ផ្តើមកែនអ្នកទោសពីប្រព័ន្ធពន្ធនាគាររុស្ស៉ី កាលពីរដូវក្តៅឆ្នាំ២០២២ ដោយលោក ព្រីហ្គោហ្ស៉ីន បានសន្យាស្នើសុំផ្តល់ការលើកលែងទោសសម្រាប់ អ្នកដែលអាចឆ្លងផុតរយៈពេល៦ខែ នៅអ៊ុយក្រែន។
ក្រុមហ៊ុន Wagner ផ្ទាល់ មិនបានផ្តល់ព័ត៌មានថាតើ អ្នកទោសប៉ុន្មាននាក់ត្រូវបានប្រមូលឱ្យចូលបម្រើ កងកម្លាំងរបស់ខ្លួននោះឡើយ ប៉ុន្តែទិន្នន័យអំពីតួលេខអ្នកទោសនៅតាមពន្ធនាគាររបស់រុស្ស៉ី ដែលចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំមុន បានបង្ហាញថា ចំនួនអ្នកទោសនៅក្នុងប្រទេសរុស្ស៉ី បានថយចុះជាង ២០,០០០នាក់ នៅចន្លោះខែសីហា-វិច្ឆិកា ដែលជាការថយចុះដ៏ច្រើនបំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ ដោយឡែក យោងតាមទិន្នន័យដែលចេញផ្សាយកាលពីខែមករា ឆ្នាំនេះ ការថយចុះគឺសឹងតែលែងមានទៀតហើយ។
យោងតាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០២២ សហគមន៍ស៉ើបការណ៍សម្ងាត់អាមេរិក ជឿជាក់ថា ក្រុមហ៊ុន Wagner មានអ្នកប្រយុទ្ធដែលជាអ្នកទោសប្រហែលខ្ទង់ ៤០,០០០នាក់ ត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែន ពោលគឺមួយភាគធំនៃកងកម្លាំងសរុបរបស់ក្រុមហ៊ុននេះ ដែលមានវត្តមាននៅទីនោះ។ ប៉ុន្មានខែចុងក្រោយនេះ ក្រុមទាហានស៉ីឈ្នួលរបស់ក្រុមហ៊ុន Wagner បានដើរតួនាទីកាន់តែសំខាន់ឡើងៗ ក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដោយពួកគេបាននាំមុខកិច្ចប្រឹងប្រែងវាយលុក ដែលអូសបន្លាយរាប់ខែ នៅក្រុងបាក់មុត (Bakhmut) នៃតំបន់ដូណេត។
គួរបញ្ជាក់ថា ក្រុមហ៊ុន Wagner ក៏ត្រូវបានសហរដ្ឋអាមេរិក ចាត់ថ្នាក់ជាអង្គការឧក្រិដ្ឋជនឆ្លងដែន ក៏ដូចជាដាក់ទណ្ឌកម្មផងដែរ៕