(តៃប៉ិ)៖ ទីក្រុងតៃប៉ិបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីប៉ារ៉ាហ្កាយ លោក ម៉ារីអូ អាប់ដូ (Mario Abdo) នឹងបំពេញទស្សនកិច្ចមកកាន់តៃវ៉ាន់ នៅសប្តាហ៍ក្រោយ មុនពេលមានការបោះឆ្នោត ដែលអាចនឹងមើលឃើញប្រទេសអាមេរិកឡាទីនមួយនេះ ដោះដៃចោលកោះតៃវ៉ាន់ ហើយងាកទៅឈោងចាប់ទីក្រុងប៉េកាំងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា លោក អាប់ដូ នឹងអមដំណើរដោយរដ្ឋមន្រ្តីការបរទេស ក៏ដូចជារដ្ឋមន្រ្តីពាណិជ្ជកម្មរបស់លោក ក្នុងការមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ហើយលោកនឹងជួបពិភាក្សាគ្នាជាមួយ ប្រធានាធិបតីលោកស្រី សៃ អ៉ីងវិន (Tsai Ing-Wen) ព្រមទាំងចូលរួមព្រឹត្តិការណ៍ណែនាំ អំពីឱកាសវិនិយោគផ្សេងៗ។ ក្រសួងការបរទេសតៃវ៉ាន់ បានសង្កត់ធ្ងន់ដូច្នេះថា «តៃវ៉ាន់និងប៉ារ៉ាហ្កាយ មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជាង៦៥ឆ្នាំ ហើយរក្សានូវចំណងមិត្តភាពដ៏ស៉ីជម្រៅ»។
ប៉ារ៉ាហ្កាយស្ថិតក្នុងចំណោមប្រទេសតែ១៤ប៉ុណ្ណោះ ដែលនៅរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះ ត្រឹមជាផ្នែកនៃទឹកដីរបស់ប្រទេសចិន បាននិងកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីជំរុញឱ្យ សម្ព័ន្ធមិត្តដែលនៅសេសសល់ប៉ុន្មាននេះ បោះបង់ចោលតៃវ៉ាន់។ បេក្ខជនប្រធានាធិបតីប៉ារ៉ាហ្កាយ លោក អ៉ីហ្វ្រាអ៉ីន អាឡេហ្គ្រេ (Efrain Alegre) ធ្លាប់បានអះអាងហើយថា ប៉ារ៉ាហ្កាយនឹងកាត់ផ្តាច់ចំណងការទូតរបស់ខ្លួនជាមួយតៃវ៉ាន់ រួចងាកទៅបើកទំនាក់ទំនងជាមួយចិនវិញ ប្រសិនបើបក្សប្រឆាំងទទួលជ័យជម្នះក្នុងការបោះឆ្នោត។
គួរបញ្ជាក់ថា លោក អាប់ដូ មិនឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីម្តងទៀតឡើយ ប៉ុន្តែលោក សាន់ទីអាហ្គោ ប៉េណា (Santiago Pena) ដែលជាបេក្ខជនគណបក្សកំពុងកាន់អំណាច ធ្លាប់បានអះអាងថា ទំនាក់ទំនងរបស់ប៉ារ៉ាហ្កាយជាមួយតៃវ៉ាន់ នឹងនៅរក្សាដដែល ប្រសិនបើរូបលោកឈ្នះនៅក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំនេះ៕