(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ហើយនិងអនុប្រធានាធិបតីលោក វីលៀម ឡៃ (William Lai) នឹងបរិច្ចាគប្រាក់ខែម្នាក់ ១ខែ សម្រាប់កិច្ចប្រឹងប្រែងជួយសង្រ្គោះនៅប្រទេសតួកគី ដែលបានទទួលរងការវាយប្រហារធ្ងន់ធ្ងរដោយមហន្តរាយរញ្ជួយដី ខណៈវាគឺបន្ថែមពីលើជំនួយ ដែលដែនកោះនេះបានប្រកាសផ្តល់ឱ្យរួចស្រាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «លោកស្រី សៃ និងលោក ឡៃ ចង់ចូលរួមចំណែកជួយតួកគីស្តារប្រទេសជាតិឡើងវិញ ឱ្យបានឆាប់តាមតែអាចទៅរួច»។ កាលពីឆ្នាំ២០២២ លោកស្រី សៃ និងលោក ឡៃ ក៏បាននាំគ្នាបរិច្ចាគប្រាក់ខែ ដើម្បីជួយកិច្ចប្រឹងប្រែងមនុស្សធម៌ សម្រាប់អ៊ុយក្រែន ដែលស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ីផងដែរ។ ក្នុងនាមជាប្រធានាធិបតី ប្រាក់ខែរបស់លោកស្រី សៃ អ៉ីងវិន គឺ១៣,៣០០ដុល្លារក្នុង១ខែ។
ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលតៃវ៉ាន់បានប្រកាសផ្តល់ជំនួយសង្រ្គោះសរុប២លានដុល្លារ ហើយក៏បានបញ្ជូនក្រុមសង្រ្គោះ២ក្រុម ទៅកាន់ប្រទេសតួកគីថែមទៀតផង ដើម្បីជួយដល់កិច្ចប្រឹងប្រែងរុករកជនរងគ្រោះ ដែលនៅមានជីវិត។ កាលពីឆ្នាំ១៩៩៩ តួកគីបានចូលរួមក្នុងកិច្ចប្រឹងប្រែងអន្តរជាតិ ហើយបញ្ជូនក្រុមសង្រ្គោះ មកកាន់តៃវ៉ាន់ បន្ទាប់ពីដែនកោះនេះបានជួបគ្រោះរញ្ជួយដីធំមួយ ដែលសម្លាប់មនុស្សជាង២,០០០នាក់។
គួរបញ្ជាក់ថា ដូចប្រទេសភាគច្រើនទៀតដែរ តួកគីមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែភាគីទាំងពីរបានរក្សានូវស្ថានទូតមិនផ្លូវការ ដែលធ្វើប្រតិបត្តិការនៅរដ្ឋធានីរបស់ភាគីម្ខាងៗ ហើយក៏មានជើងហោះហើរត្រង់ដំណើរការ រវាងទីក្រុងអ៉ីស្តង់ប៊ុល និងទីក្រុងតៃប៉ិផងដែរ៕