(ប៉ាណាម៉ាស៊ីធី)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរប្រទេសប៉ាណាម៉ា បាននិយាយថា នាវាយោធាជើងទឹករបស់ប្រទេសអ៉ីរ៉ង់ នឹងទទួលបានការអនុញ្ញាត ឱ្យធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដរាបណាពួកវាគោរពតាមបទដ្ឋានអន្តរជាតិ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងតេហេរ៉ង់នឹងបញ្ជូននាវាយោធារបស់ខ្លួន មកកាន់ច្រកផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយយោងតាមសន្ធិសញ្ញាអន្តរជាតិឆ្នាំ១៩៧៧ ដែលផ្ទេរការគ្រប់គ្រងព្រែកជីកមកឱ្យប៉ាណាម៉ា និងកំណត់នូវឋានៈជាប្រទេសអព្យាក្រឹត អាជ្ញាធរប៉ាណាម៉ា បាននិយាយថា ព្រែកជីកនេះចាំបាច់ត្រូវតែបន្តមានសុវត្ថិភាព និងបើកចំហសម្រាប់ការធ្វើដំណើរឆ្លងកាត់ដោយសន្តិវិធី ហើយនាវានិងកប៉ាល់ទាំងអស់ត្រូវតែគោរពតាម បទដ្ឋានសុវត្ថិភាពអន្តរជាតិនានា ព្រមទាំងបង់ប្រាក់ និងកុំប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយឡើយ។ អាជ្ញាធរគ្រប់គ្រងព្រែកជីកប៉ាណាម៉ា បានបន្ថែមទៀតថា ខ្លួនមានកាតព្ចកិច្ចត្រូវផ្តល់ការបើកផ្លូវដំណើរឆ្លងកាត់ សម្រាប់នាវានិងកប៉ាល់ទាំងឡាយ ដែលបំពេញត្រឹមត្រូវតាមលក្ខណៈទាំងអស់នេះ។
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាណាម៉ា បាននាំគ្នារាយការណ៍ថា ទីក្រុងតេហេរ៉ង់មានផែនការដាក់នាវាចម្បាំងរបស់ខ្លួន ឱ្យឈរជើងនៅព្រែកជីកប៉ាណាម៉ា ដើម្បីព្យាយាមបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់អាមេរិកឡាទីន។ កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនកំពុងផ្តោតក្រសែភ្នែកឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពយោធាជើងទឹករបស់អ៉ីរ៉ង់ នៅតំបន់អឌ្ឍគោលខាងលិច។
គួរបញ្ជាក់ថា វត្តមានយោធារបស់អ៉ីរ៉ង់នៅព្រែកជីកប៉ាណាម៉ា ច្បាស់ជានឹងបង្កឱ្យមានការខឹងសម្បារពីសំណាក់សហរដ្ឋអាមេរិក ដែលជាអ្នកសាងសង់ព្រែកជីកនេះ ដើម្បីតភ្ជាប់មហាសមុទ្រអាត្លង់ទិចនិងមហាសមុទ្រប៉ាស៉ីហ្វិក កាលពីដើមសតវត្សរ៍ទី២០។ អាមេរិកសាងសង់ព្រែកជីកនេះរួចរាល់កាលពី ឆ្នាំ១៩១៤ ហើយបានបង្កើតមូលដ្ឋានទ័ព ដើម្បីការពារវា។ សន្ធិសញ្ញាឆ្នាំ១៩៧៧ បានជួយត្រួសត្រាយផ្លូវដើម្បីផ្ទេរការគ្រប់គ្រងមកឱ្យរដ្ឋាភិបាលប៉ាណាម៉ា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩។
យោងតាមទិន្នន័យនៃអាជ្ញាធរគ្រប់គ្រងព្រែកជីកប៉ាណាម៉ា កប៉ាល់និងនាវាសរុបលើសពី ១៤,០០០គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកទឹក ដែលមានចម្ងាយ៨០គីឡូម៉ែត្រនេះ កាលពីក្នុងឆ្នាំ២០២២។ ព្រែកជីកប៉ាណាម៉ាទទួលបន្ទុកប្រមាណជា៥ភាគរយ នៃការធ្វើពាណិជ្ជកម្មតាមដែនសមុទ្ររបស់ពិភពលោក៕