(សេអ៊ូល)៖ តុលាការនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានសម្រេចបង្គាប់ឱ្យរដ្ឋាភិបាលផ្តល់សំណងដល់ ជនជាតិវៀតណាមម្នាក់ ដែលជាជនរងគ្រោះក្រោមអំពើឃោរឃៅ អំលុងសម័យសង្រ្គាមវៀតណាម កាលពីទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលកងទ័ពកូរ៉េខាងត្បូងប្រហែល៣សែននាក់ បានចូលរួមជួយកងទ័ពអាមេរិកប្រយុទ្ធក្នុងសង្រ្គាមនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ការសម្រេចខាងលើ គឺជាការទទួលស្គាល់តាមផ្លូវច្បាប់ជាលើកដំបូង នៃការជាប់ពាក់ព័ន្ធរបស់កូរ៉េខាងត្បូង នៅក្នុងអំពើឃោរឃៅទាំងឡាយ ដែលត្រូវបានប្រពឹត្ត អំឡុងសង្រ្គាមវៀតណាម ហើយអាចជួយបើកផ្លូវសម្រាប់ឱ្យជនរងគ្រោះដទៃទៀត ធ្វើការទាមទារសំណងពីរដ្ឋាភិបាលទីក្រុងសេអ៊ូល។ តុលាការសង្កាត់កណ្តាលនៅទីក្រុងសេអ៊ូល បានបង្គាប់ឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ផ្តល់ប្រាក់សំណងចំនួន៣០លានវ៉ុន ស្មើនឹង២៣,៨០០ដុល្លារអាមេរិក រួមនិងថវិកាបន្ថែមសម្រាប់ការពន្យារពេល ដល់ឈ្មោះ ង្វៀន ធីថាញ់ (Nguyen Thi Thanh) ជាជនជាតវៀតណាម ដែលបានរួចរស់ជីវិតពីការសម្លាប់ជនស៉ីវល ក្រោមស្នាដៃរបស់កងទ័ពកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា លោកស្រី ង្វៀន ដែលបច្ចុប្បន្នមានអាយុ៦៣ឆ្នាំ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០ ដើម្បីព្យាយាមទាមទារ ប្រាក់សំណងចំនួន៣០លានវ៉ុន ក្រោមហេតុផលថា លោកស្រីបានបាត់បង់សមាជិកគ្រួសារ ហើយថែមទាំងទទួលរងរបួសខ្លួនទៀតផង នៅពេលកងម៉ារីនកូរ៉េខាងត្បូង សម្លាប់ជនស៉ីវិលប្រហែលខ្ទង់៧០នាក់ នៅក្នុងស្រុកកំណើតរបស់លោកស្រី ដែលស្ថិតនៅខេត្តក្វាងណាំ (Quang Nam) ភាគកណ្តាលប្រទេសវៀតណាម កាលពីឆ្នាំ១៩៦៨៕