(តូក្យូ)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសជប៉ុន នៅថ្ងៃពុធនេះ ខណៈវាត្រូវបានរំពឹងថានឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការរឹតបន្តឹងចំណងទាក់ទង ផ្នែកសន្តិសុខជាមួយទីក្រុងតូក្យូ ឱ្យកាន់តែជិតស្និទ្ធជាងមុន ស្របពេលដែលទីក្រុងម៉ានីល កំពុងឈរនៅខាងសហរដ្ឋអាមេរិកកាន់តែខ្លាំង ក្នុងការប្រជែងឥទ្ធិពលរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉ាកូស និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ត្រូវគេរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ក្នុងផ្នែកជួយសង្រ្គោះ​​គ្រោះមហន្តរាយ ដែលអាចជាជំហានដំបូងដើម្បីឆ្ពោះទៅបង្កើត ក្របខណ្ឌច្បាប់ទូលំទូលាយមួយ ដែលនឹងអនុញ្ញាតឱ្យកងកម្លាំងជប៉ុន អាចត្រូវដាក់ពង្រាយ​​ទៅកាន់ហ្វីលីពីន បានងាយស្រួលជាងមុន។ ប្រភពពីក្រសួងការពារជាតិជប៉ុន បានបង្ហើបឱ្យដឹងថា «ខណៈដែលសហរដ្ឋអាមេរិកកំពុងតែពង្រឹងទំនាក់ទំនង ​ឱ្យកាន់តែស៉ីជម្រៅជាមួយហ្វីលីពីន វាគឺជារឿងសំខាន់ខ្លាំងណាស់ សម្រាប់សន្តិសុខក្នុងតំបន់ ប្រសិនបើជប៉ុនចូលរួម»។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាកូស នៅទីក្រុងតូក្យូ នឹងមានរយៈពេលសរុប៥ថ្ងៃ គឺបញ្ចប់នៅថ្ងៃទី១២ ខែកុម្ភៈ ហើយវាជាទស្សនកិច្ចលើក​ដំបូង របស់លោកនៅប្រទេសជប៉ុន ចាប់តាំងពីការឡើងកាន់អំណាច កាលពីខែកក្កដា ឆ្នាំ២០២២មក។ កាលពីសប្តាហ៍មុន ទីក្រុងម៉ានីលទើបតែបានចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង ដែលសំដៅអនុញ្ញាតឱ្យទីក្រុងវ៉ាស៉ីនតោន អាចប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនចំនួន ៤កន្លែងបន្ថែមទៀត៕