(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី លោក ចូ បៃដិន បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសចិន ប៉ុន្តែនឹងការពារផលប្រយោជន៍អាមេរិក ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានបញ្ជាឲ្យយោធាបាញ់ទម្លាក់បាឡុងរបស់ប្រទេសចិន ដែលហោះលើទឹកដីអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងទៅកាន់ព្រឹទ្ធសភា លោក បៃដិន បានគូសបញ្ជាក់ថា «សូមកុំធ្វើឲ្យមានកំហុស ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់កាលពីសប្តាហ៍មុន។ ប្រសិនបើចិនរាមកំហែងដល់អធិបតេយ្យភាពរបស់យើង យើងនឹងធ្វើរាល់សកម្មភាពដើម្បីការពារប្រទេសរបស់យើង។ ហើយយើងបានធ្វើវារួចហើយ»

គួរបញ្ជាក់ថា បាឡុងចិននេះបានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃ ដោយវាក៏បង្កឱ្យមានភាពតានតឹងជាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង រហូតដល់មានការផ្អាកដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន ទៅកាន់ទីក្រុងប៉េកាំង ជាដើម៕