(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យប្រទេសផ្សេងៗដាក់សម្ពាធលើសហរដ្ឋអាមេរិក ឱ្យដកទណ្ឌកម្មលើប្រទេសស៊ីរី និងការឡោមព័ទ្ធប្រទេសនេះ ដើម្បីសម្រួលដល់ដំណើរការផ្តល់ជំនួយអន្តរជាតិដល់តំបន់ស៊ីរី ដែលរងគ្រោះដោយរញ្ជួយដី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក Nasser Kanaani បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលផ្នែកខ្លះត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
ដោយសម្តែងការអាណិតអាសូរចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី និងស៊ីរី លោក Kanaani បានកត់សម្គាល់ថា អាជ្ញាធរអ៊ីរ៉ង់ដែលពាក់ព័ន្ធបានត្រៀមខ្លួន សម្រាប់ការបញ្ជូនជំនួយសង្គ្រោះបន្ទាន់ និងជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់ប្រទេសទាំងពីរ។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា អស់រយៈពេលជាង ០៩ឆ្នាំមកនេះ ប្រទេសស៊ីរីដែលបាននិងកំពុងប្រឈមមុខនឹងជម្លោះ និងស្ថិតក្រោមកាលៈទេសៈពិសេសនាពេលបច្ចុប្បន្ននេះ សូមប្រទេសផ្សេងទៀតដាក់សម្ពាធលើសហរដ្ឋអាមេរិក ឱ្យដកការឡោមព័ទ្ធលើប្រទេសអារ៉ាប់មួយនេះ ដើម្បីឲ្យជំនួយមនុស្សធម៌អន្តរជាតិអាចចូលទៅដល់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសស៊ីរី ដែលធ្វើឱ្យមានការលំបាកដ៏ធ្ងន់ធ្ងរមួយក្នុងការបញ្ជូនទំនិញសំខាន់ៗ និងជំនួយមនុស្សធម៌អន្តរជាតិទៅកាន់ប្រទេសនេះ។ គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារនេះ មនុស្សជាង ៥,០០០នាក់ត្រូវបានស្លាប់ និងរាប់ម៉ឺននាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីដ៏សាហាវបានវាយប្រហារផ្នែកខ្លះនៃប្រទេសតួកគី និងប្រទេសជិតខាងស៊ីរីកាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ៕