(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រេសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានប្រកាសកាន់ទុក្ខនៅទូទាំងប្រទេសទុករយៈពេល៧ថ្ងៃ ខណៈស៉ីរីបានដង្ហោយសុំជំនួយពីអង្គការសហប្រជាជាតិ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដី ដែលបានផ្តាច់ជីវិតមនុស្សកើនដល់លើស ៥,០០០នាក់ ហើយផ្តួលរំលំអគាររាប់ពាន់ខ្នង នៅពាសពេញតំបន់ភាគអាគ្នេយ៍ប្រទេសតួកគី រួមទាំងតំបន់ភាគខាងជើងប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
អនុប្រធានាធិបតីតួកគី លោក ហ្វូអាត អូកតេ (Fuat Oktay) បានឱ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា តួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ ដែលបានវាយប្រហារកាលពីវេលាទាបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ បានបន្តកើនឡើងដល់ ៣,៤១៩នាក់ នៅក្នុងប្រទេសតួកគី។ ចំណែកតួលេខអ្នករងរបួសគឺជិត២០,៥០០នាក់ ហើយអគារជាង ៥,៧០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ។ រីឯនៅស៉ីរីឯណោះវិញ ដែលជាប្រទេសត្រូវបានហែកហួរដោយសង្រ្គាមស៉ីវិលអស់រយៈពេល១២ឆ្នាំមកនេះ ហើយរងគ្រោះនូវវិបត្តិជនភៀសខ្លួនថែមទៀតនោះ គឺមានចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កើនដល់យ៉ាងហោច ១,៦០២នាក់ និងរបួសប្រហែល៣,៥០០នាក់ បើតាមយោងតាមទិន្នន័យពីក្រសួងសុខាភិបាលស៉ីរី ហើយនិងអង្គការជួយសង្រ្គោះ White Helmets។ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ ដើម្បីជួយប្រទេសទាំងពីរ។
គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ប៉ុន្មានម៉ោងពីគ្នា ក៏មានរញ្ជួយដីធំមួយទៀតកម្រិត ៧.៦រ៉ិចទ័រកើតឡើងផងដែរ។ លើកចុងក្រោយបំផុត ដែលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំម្តុំតំបន់នេះ គឺកាលពីឆ្នាំ១៩៣៩ ដែលបានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសតួកគី។