(ហូនីយ៉ារ៉ា)៖ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC បានរាយការណ៍ថា នៅថ្ងៃអង្គារនេះ មន្រ្តីម្នាក់នៅប្រទេសដែនកោះសូឡូម៉ូន នៃតំបន់មហាសមុទ្រប៉ាស៉ីហ្វិក ត្រូវបានបណ្តេញចេញពីតំណែង ខណៈមន្រ្តីរូបនោះត្រូវគេស្គាល់ថា មាននិន្នាការមិនគាំទ្រចំពោះការផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធ រវាងដែនកោះមួយនេះ និងប្រទេសចិនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ដានីញែល ស៊ូយដានី (Daniel Suidani) ដែលជាប្រមុខរដ្ឋបាលខេត្តម៉ាឡៃតា (Malaita) គឺជាបុគ្គលប្រកាន់ជំហរប្រឆាំងជាយូរមកហើយចំពោះ ទំនាក់ទំនងដែលកាន់តែស៉ីជម្រៅខ្លាំងឡើង របស់ប្រទេសដែនកោះប៉ាស៉ីហ្វិកនេះជាមួយទីក្រុងប៉េកាំង ដែលបានមើលឃើញសូឡូម៉ុនចុះកិច្ចព្រមព្រៀងសន្តិសុខមួយ ជាមួយចិនកាលពីខែមេសា ឆ្នាំ២០២២។ កន្លងមក លោក ស៊ូយដានី បានហាមឃាត់វត្តមានក្រុមហ៊ុនចិន នៅក្នុងខេត្តរបស់លោក ហើយទទួលយកជំនួយអភិវឌ្ឍន៍ ពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមសារព័ត៌មាន ABC លោក ស៊ូយដានី ត្រូវបានសភាខេត្តម៉ាឡៃតា បោះឆ្នោតដកសេចក្តីទុកចិត្តក្នុងសំឡេងជាឯកចន្ទ។ ជាមួយគ្នានេះ ក៏មានមនុស្សជាង១០០នាក់ បាននាំគ្នាធ្វើបាតុកម្ម ដើម្បីទាមទារឱ្យសភាពិចារណាផ្លាស់ប្តូរ ការសម្រេចចិត្តនេះវិញផងដែរ។ ប្រជាជននៅក្នុងខេត្តមួយនេះ ធ្លាប់បានសម្តែងការជំទាស់ចំពោះ ការសម្រេចចិត្តរបស់រដ្ឋាភិបាលនាយករដ្ឋមន្រ្តីសូឡូម៉ុន លោក ម៉ាណាសេ សូហ្កាវ៉ារេ (Manasseh Sogavare) កាលពីឆ្នាំ២០១៩ ដែលបានដោះដៃចោលកោះតៃវ៉ាន់ ហើយងាកទៅទទួលស្គាល់ចិនជាផ្លូវការ៕