(ប៉ារីស)៖ បណ្ដាប្រទេសមហាអំណាចជាច្រើន បានប្រកាសជាបន្តបន្ទាប់ពីការផ្ដល់ជំនួយគាំទ្រចាំបាច់នានា ដើម្បីជួយស៊ីរី និងតួកគី ក្នុងប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកនៅរស់រានមានជីវិត ក្រោយគ្រោះរញ្ជួយដីដ៏ប្រល័យមួយបានផ្ដាច់ជីវិតមនុស្សច្រើនជិតដល់ ១,៤០០នាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
បណ្ដាប្រទេសដែលប្រកាសផ្ដល់ជំនួយដល់តួកគី និងស៊ីរី ក្នុងនោះរួមមានចាប់ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប រហូតដល់ប្រទេសរុស្ស៉ី និងអ៊ុយក្រែនដែលកំពុងជាប់ដៃវាយប្រយុទ្ធគ្នា ក្នុងសង្រ្គាម ក៏បាន សន្យាផ្ដល់ជំនួយផងដែរ។ ថ្លែងនៅសាររបស់ខ្លួនផ្ញើទៅកាន់សមភាគីស៊ីរី លោក បាស្សា អាល់អាសាដ និងលោក អឺដូហ្កាន់ លោក ពូទីន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបានសន្យាផ្ដល់ជំនួយដើម្បី ជួយប្រទេសទាំង២ ជម្នះពេលវេលាដ៏លំបាកនេះ។ ចំណែកឯ លោកប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថាប្រទេសរបស់លោកដែលកំពុងរងការខ្ទេចខ្ទាំដោយសារសង្រ្គាម បានត្រៀម ខ្លួនរួចជាស្រេចដើម្បីជួយស៊ីរី និងតួកគី។ ក្រៅតែរុស្ស៉ី និងអ៊ុយក្រែន អ៉ីរ៉ង់ ប៉ូឡូញ អាល្លឺម៉ង សាធារណរដ្ឋឆែក ស្វីស និងចក្រភពអង់គ្លេសក៏បានប្រកាសផ្ដល់ជំនួយដល់ស៊ីរី និងតួកគីផងដែរ។
គួរបញ្ជាក់ថា មកទល់ឥឡូវ ចំនួនអ្នកស្លាប់បានបន្តកើនជិតដល់ ១,៤០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារចំ ប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទនេះ។ ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានប្រាប់ថា មនុស្សយ៉ាងហាស់ចំនួន៩១២នាក់ បានបាត់បង់ជីវិត នៅក្នុងប្រទេសរបស់លោក។ ដោយឡែក ក្នុងប្រទេសស៉ីរីវិញដែលនៅក្បែរខាងវិញ តួលេខចុងក្រោយបានបង្ហាញថា មនុស្សយ៉ាងតិច ៤៧៣នាក់ក៏បានស្លាប់ផងដែរ៕