(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសអ៉ីរ៉ង់ បានឱ្យដឹងថា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក អាយ៉ាតូឡោះ អាលីខាមេណៃ (Ayatollah Ali Khamenei) បានសម្រេចផ្តល់ការលើកលែង និងបន្ធូរបន្ថយទោសជាប់ពន្ធនាគារ សម្រាប់អ្នកទោសសរុបរហូតដល់ខ្ទង់រាប់ម៉ឺននាក់ ក្នុងនោះរួមមានមួយចំនួនជា បាតុករដែលត្រូវបានចាប់ខ្លួន កំលុងចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីពេលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ ការលើកលែងនិងបន្ធូរបន្ថយទោសខាងលើ គឺធ្វើឡើងដោយមានលក្ខខណ្ឌ។ វានឹងមិនត្រូវអនុវត្តចំពោះពលរដ្ឋមានសញ្ជាតិពីរ ដែលកំពុងជាប់ឃុំខ្លួន នៅក្នុងប្រទេសអ៉ីរ៉ង់ឡើយ។ ម៉្យាងវិញទៀត អ្នកដែលជាប់ចោទពីបទធ្វើចារកម្មឱ្យបរទេស ឬអ្នកដែលមានទំនាក់ទំនងជាមួយ ក្រុមដែលជាសត្រូវរបស់សាធារណរដ្ឋអ៉ីស្លាមមួយនេះ ក៏នឹងមិនទទួលបានការលើកលែងឬបន្ធូរបន្ថយទោសដែរ។ លោក អាលីខាមេណៃ បានសម្រេចធ្វើយ៉ាងដូច្នោះ គឺដើម្បីជាការគោរពដល់ឱកាសគម្រប់ខួបនៃបដិវត្តន៍អ៉ីស្លាម ឆ្នាំ១៩៧៩។ លោក អាយ៉ាតូឡោះ អាលីខាមេណៃ បានក្លាយជាមេដឹកនាំកំពូលទាំងផ្នែកសាសនានិងនយោបាយ របស់ប្រទេសអ៉ីស្លាមមួយនេះ តាំងតែពីឆ្នាំ១៩៨៩មក។
គួរបញ្ជាក់ថា អ៉ីរ៉ង់បានជួបប្រទះការធ្វើបាតុកម្មយ៉ាងកក្រើក នៅទូទាំងប្រទេស ចាប់តាំងពីនារីវ័យ២២ឆ្នាំម្នាក់ ឈ្មោះ ម៉ាស្សា អាមីនី (Mahsa Amini) បានបាត់បង់ជីវិត កំលុងពេលជាប់ឃុំឃាំងរបស់ប៉ូលិសសីលធម៌អ៉ីរ៉ង់ កាលពីខែកញ្ញា ឆ្នាំ២០២២។ ប្រជាជនអ៉ីរ៉ង់មកពីគ្រប់ជាន់ថ្នាក់ បាននាំគ្នាចូលរួមក្នុងសកម្មភាពតវ៉ាទាំងនោះ ដែលបានក្លាយជាបញ្ហាប្រឈមដ៏ធំបំផុតមួយ ចំពោះរដ្ឋាភិបាលអ៉ីរ៉ង់ គិតចាប់តាំងបដិវត្តន៍ឆ្នាំ១៩៧៩មក។ អង្គការសិទ្ធិមនុស្ស បានអះអាងថា មនុស្សប្រហែល២០,០០០នាក់ ត្រូវបានចាប់ខ្លួនដោយជាប់ពាក់ព័ន្ធនឹងបាតុកម្ម ក្នុងចំណោមនោះមួយចំនួនត្រូវបានប្រហារជីវិត។ ទីក្រុងតេហេរ៉ង់បានចោទថា សកម្មភាពតវ៉ាទាំងនេះ ត្រូវបានបំផុសបំផុលដោយសត្រូវបរទេសរបស់អ៉ីរ៉ង់៕