(តៃប៉ិ)៖ មេដឹកនាំជាន់ខ្ពស់ម្នាក់មកពីគណបក្សគួមិញតាង Kuomintang (KMT) ដែលជាបក្សប្រឆាំងធំបំផុតនៃកោះតៃវ៉ាន់ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងសប្ដាហ៍នេះ ហើយនឹងត្រូវជួបពិភាក្សាការងារជាមួយក្រុមមន្ត្រីចិនដែលទទួលបន្ទុកកិច្ចការតៃវ៉ាន់ នៅចំពោះមុខភាពតានតឹងផ្នែកយោធា និងនយោបាយនៃភាគីទាំង២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

គណបក្សគួមិញតាង (Kuomintang) បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថាអនុប្រធានរបស់ខ្លួន គឺលោក អែនឌ្រូ សៀ (Andrew Hsia) នឹងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសចិន នៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាការងារជាមួយលោក សុង តាវ (Song Tao) ដែលជាប្រធានថ្មីនៃការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ ដោយនេះនឹងក្លាយជាជំនួបថ្នាក់ខ្ពស់ដ៏កម្រ មួយរវាងមន្ត្រីមកពីតៃវ៉ាន់ និងចិន។ សេចក្ដីថ្លែងការណ៍ដដែលនេះ បានគូសបញ្ជាក់ដូច្នេះថា «លោក សៀ ជាអតីតអ្នកការទូតតៃវ៉ាន់ និងធ្លាប់ជាប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់ និងប្រតិភូរបស់លោកនឹងធ្វើការផ្លាស់ប្ដូរយោបល់ ក៏ដូចជាធ្វើកិច្ចសន្ទនាដោយផ្អែកលើគោលការណ៍ស្មើភាព និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់ប្រជាជនតៃវ៉ាន់ចំពោះ សន្តិសុខនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងក្ដីរំពឹងសម្រាប់សន្តិភាព រួមទាំងស្ថិរភាពនៅក្នុងតំបន់ទាំងមូល»

គួរបញ្ជាក់ថា គណបក្សគួមិញតាង (Kuomintang) ត្រូវបានគេមើលឃើញថាមានទំនាក់ទំនងល្អ និងទំនោរងាកទៅរកចិន។ ប៉ុន្តែ គណបក្សប្រឆាំងមួយនេះបានបដិសេធថាខ្លួនមិនមែនជាអ្នកគាំទ្រ ទីក្រុងប៉េកាំងនោះឡើយ។ ចំណែកឯ ខាងការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ ក៏បានបង្ហាញការស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក សៀដែរ។ លោក សៀ ធ្លាប់បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសចិនផងដែរកាលពីខែសីហា ឆ្នាំ២០២២ ដែលនៅពេលនោះ ទទួលរងការថ្កោសយ៉ាងខ្លាំងពីរដ្ឋាភិបាលបច្ចុប្បន្នរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន៕