(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានចោទប្រកាន់អ៊ុយក្រែនថាមានផែនការបំផ្ទុះអគារជាច្រើន នៅក្នុងទីក្រុងក្រាម៉ាទ័សស្កិ៍ (Kramatorsk) ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដើម្បីទម្លាក់កំហុសលើទីក្រុងម៉ូស្គូ ថាប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងមានគោលដៅវាយប្រហារលើជនស៊ីវិល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ មិនបានផ្ដល់ភស្ដុតាងដើម្បីបញ្ជាក់ការអះអាងរបស់ខ្លួនទេ ដោយគ្រាន់តែនិយាយថាអ៊ុយក្រែន ក៏អាចនឹងប្រើប្រាស់ផែនការ ការវាយប្រហារខាងលើ ដើម្បីជាលេសបញ្ចុះបញ្ចូលឱ្យលោកខាងលិចបង្កើនការផ្ដល់អាវុធបន្ថែមផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អ៊ុយក្រែនបាននិយាយថាមីស៊ីលរុស្ស៉ីមួយគ្រាប់បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ ក្រោយមីស៊ីលនេះធ្លាក់ចំអគារមួយនៅក្នុងទីក្រុង ក្រាម៉ាទ័សស្កិ៍។ ប៉ុន្តែរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចោទប្រកាន់ពីអ៊ុយក្រែនឡើយ។ ទីក្រុងមូស្គូ ជារឿយៗបានអះអាងថាខ្លួនមិនមានគោលដៅវាយប្រហារលើជនស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែនឡើយ ខណៈទីក្រុងកៀវ និងលោកខាងលិច លើកឡើងថាជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលពីសំណាក់រុស្ស៉ី៕