(អ៉ីស្ដង់ប៊ូល)៖ ក្រុមមន្រ្តីក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៥នាក់ បានស្លាប់ក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលបានវាយប្រហារភាគអាគ្នេយ៍នៃប្រទេសតួកគី នៅថ្ងៃចន្ទនេះ ខណៈចំនួនអ្នកស្លាប់អាចកើនឡើងខ្ពស់ដោយសារតែអគារជាច្រើនត្រូវបានបំផ្លាញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

មន្រ្តីក្នុងតំបន់បាននិយាយថា មនុស្ស៥នាក់ស្លាប់ក្នុងខេត្តអូស្មានីយី (Osmaniye) និង១០នាក់ផ្សេងទៀត នៅក្នុងទីក្រុងសានលូហ្វា (Sanliurfa) ជាតំបន់ដែលស្ថិតនៅក្បែរព្រំដែនតួកគី ជាមួយប្រទេសស៉ីរ៉ី។

គួរបញ្ជាក់ថា តំបន់ខាងលើនេះទទួលរងនូវការរញ្ជួយដីខ្លាំងជាប្រចាំ។ នៅពេលនេះ កាកបាទក្រហមតួកគីកំពុងកៀងគរធនធានសម្រាប់ជួយដល់តំបន់នេះ ខណៈដែលខ្លួនបានទទួលព័ត៌មានអំពីការខូចខាតធ្ងន់ធ្ងរ ការដួលរលំអគារ និងបានជំរុញឲ្យប្រជាជនជម្លៀសផ្ទះដែលរងការខូចខាត៕