(អ៉ីស្ដង់ប៊ូល)៖ ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៩រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសតួកគី នៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យដួលរលំអគារ ហើយអ្នកស្រុកត្រូវបានជម្លៀស ខណៈការរញ្ជួយនេះក៏ត្រូវបានគេមានអារម្មណ៍ក្នុងប្រទេសស៉ីប លីបង់ និងស៊ីរី ផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានឲ្យដឹងថា ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ ១០គីឡូម៉ែត្រ ជិតទីក្រុងការ៉ាម៉ាន់ម៉ារ៉ាស់ (Kahramanmaras) ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី ចំណែកហានិភ័យនៃរលកយក្សស៊ូណាមិ កំពុងត្រូវបានវាយតម្លៃ។ ប្រព័ន្ធផ្សព្វផ្សាយតួកគី បានបង្ហាញរូបភាពមនុស្សប្រមូលផ្តុំជុំវិញអគារដែលបាក់បែកនៅ ក្នុងទីក្រុងការ៉ាម៉ាន់ម៉ារ៉ាស់ ហើយស្វែងរកអ្នកនៅរស់រានមានជីវិត។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសតួកគី (AFAD) បានដាក់កម្រិតនៃការរញ្ជួយដីនៅកម្រិត ៧.៤រ៉ិចទ័រ កើតឡើងនៅជិតទីក្រុងការ៉ាម៉ាន់ម៉ារ៉ាស់ និងហ្កាហ្សៀនធីប (Gaziantep) ជាទីក្រុងដ៏ធំមួយដែលនៅជិតព្រំដែនជាមួយប្រទេសស៊ីរី។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី អគារមួយចំនួនធំបានដួលរលំនៅក្នុងខេត្តអាឡិបប៉ូ (Aleppo)។ ចំណែក ប្រជាជននៅក្នុងទីក្រុងដាម៉ាស់ (Damascus) ក៏ដូចជានៅទីក្រុងបៀរូត (Beirut) និងទ្រីប៉ូលី (Tripoli) របស់ប្រទេសលីបង់ បាននាំគ្នារត់ចូលទៅក្នុងផ្លូវថ្មើរជើង ហើយខ្លះបានបើករថយន្តរបស់ពួកគេចេញពីអគារ ខ្លាចក្រែងមានការដួលរលំ។

គួរបញ្ជាក់ថា តំបន់ខាងលើនេះទទួលរងនូវការរញ្ជួយដីខ្លាំងជាប្រចាំ។ នៅពេលនេះ កាកបាទក្រហមតួកគីកំពុងកៀងគរធនធានសម្រាប់ជួយដល់តំបន់នេះ ខណៈដែលខ្លួនបានទទួលព័ត៌មានអំពីការខូចខាតធ្ងន់ធ្ងរ ការដួលរលំអគារ និងបានជំរុញឲ្យប្រជាជនជម្លៀសផ្ទះដែលរងការខូចខាត៕