(អង់ការ៉ា)៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសតួកគី បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ទី០៤ ខែកុម្ភៈថា ប៉ូលីសតួកគីបានចាប់ខ្លួនមនុស្ស ១៥នាក់ ដោយចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម បន្ទាប់ពីមានការព្រមានផ្នែកសន្តិសុខជាច្រើនថ្ងៃ ពីស្ថានកុងស៊ុលនៃប្រទេសលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍មួយរបស់ប៉ូលីសអ៊ីស្តង់ប៊ុល បាននិយាយថា ក្រុមនេះត្រូវបានចាប់ខ្លួន ពីបទរៀបចំផែនការវាយប្រហារលើស្ថានកុងស៊ុលស៊ុយអែត និងហូឡង់នៅទីក្រុងអ៊ីស្តង់ប៊ុល ក៏ដូចជានៅលើព្រះវិហារ និងសាលាប្រជុំនានា។ ប៉ុន្តែ​ប៉ូលិស​បាន​បន្ថែម​ថា ពួកគេ​មិន​អាច​បញ្ជាក់​ពី​ការ​គំរាម​កំហែង​ជាក់ស្តែង​ណាមួយ ​ប្រឆាំង​នឹង​ទីតាំង​នោះ​ទេ។

គួរបញ្ជាក់ថា ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីប្រទេសលោកខាងលិចមួយចំនួន នៅក្នុងសប្តាហ៍នេះបានសម្រេចបិទស្ថានកុងស៊ុលរបស់ខ្លួនក្នុងទីក្រុងអ៊ីស្តង់ប៊ុលជាបណ្តោះអាសន្ន ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។

ស៊ុយអែត និងហូឡង់ បានក្លាយជាកម្មវត្ថុនៃការបាតុកម្មតវ៉ាដ៏ខឹងសម្បារនៅក្នុងប្រទេសតូកគី បន្ទាប់ពីសកម្មជនប្រឆាំងមូស្លីមម្នាក់បានដុតគម្ពីគួរអាននៅទីក្រុង Stockholm ហើយសកម្មភាពស្រដៀងគ្នានេះ ក៏បានកើតឡើងនៅទីក្រុងឡាអេរបស់ប្រទេសហូឡង់ផងដែរ៕