(ប៉េកាំង)៖ អាជ្ញាធរបានឲ្យដឹងនៅថ្ងៃអាទិត្យទី៥ ខែកុម្ភៈនេះថា មនុស្សចំនួន ១៦នាក់បានស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នានៅលើផ្លូវហាយវេមួយនៅកណ្តាលប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ប៉ូលីសចរាចរណ៍ក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តប្រមាណជិត ៥០គ្រឿងបានប៉ះទង្គិចគ្នានៅលើផ្លូវហាយវេក្នុងខេត្ត Hunan កាលពីយប់ថ្ងៃសៅរ៍ ដោយរថយន្តខ្លះបានឆាបឆេះ។

អាជ្ញាធរប៉ូលីសបានបន្ថែមថា ក្នុងគ្រោះថ្នាក់នេះមានមនុស្ស១៦នាក់បានស្លាប់ ខណៈមនុស្ស៦៦នាក់ផ្សេងទៀតរងរបួស។

ទោះជាយ៉ាងណា មូលហេតុដែលបង្កឲ្យមានឧទ្ទវហេតុនេះគេមិនទាន់ដឹងនៅឡើយទេ ខណៈក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ប្រទេសចិន បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់មួយ៕