(ប៉េកាំង)៖ «សហរដ្ឋអាមេរិក គួរតែបោសសម្អាតគ្រាប់រំសេវមិនទាន់ផ្ទុះដែលបន្សល់ទុកនៅទីនេះកាលពីសង្គ្រាមលោកលើកទីពីរក្នុងពេលឆាប់ៗទៅ!» ពេលផ្តល់បទសម្ភាសន៍ជាមួយ កាសែត«The Guardian» របស់អង់គ្លេសតាមវិថីនៃក្រុង Honiara រដ្ឋធានីប្រជុំកោះ Solomon ប្រជាជនក្នុងតំបន់បានថ្លែងដូចពោលខាងលើ។ ក្នុងប៉ុន្មានថ្ងៃមុនពេលចេញផ្សាយ ដំណឹងនេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រជុំកោះ Solomon ដែលបានបិទអស់រយៈពេល៣០ឆ្នាំបានបើកទ្វារជាថ្មីឡើងវិញ។ ក្រសួងការបរទេសអាមេរិក បានចេញផ្សាយ សេចក្តីថ្លែងការណ៍ថា នឹងចាត់បញ្ជូនមន្រ្តីការទូតកាន់តែច្រើនទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីយកគម្រោងនិងធនធានរបស់អាមេរិកផ្សារភ្ជាប់ជាមួយនឹងតម្រូវការក្នុងតំបន់។

ប្រសិនបើសហរដ្ឋអាមេរិក ចង់ឆ្លៀតឱកាសនេះដើម្បីផ្តល់ជំនួយដល់ប្រទេសកោះប៉ាស៊ីហ្វិកយ៉ាងស្មោះស្ម័គ្រ ក៏ដូចជាកកើតទៅជាកម្លាំងរួមអន្តរជាតិក្នុងការជំរុញការអភិវឌ្ឍ របស់ប្រទេសកោះ នោះគ្មានអ្វីគួរឱ្យសង្ស័យឡើយ នេះគឺជារឿងល្អមួយ។ ប៉ុន្តែ ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចមិនយល់ឃើញបែបនេះទេ បែរជាសម្គាល់ថា នេះជាវិធានការថ្មី បំផុតរបស់ក្រុងវ៉ាស៊ីនតោន ដើម្បី «ទប់ទល់នឹងប្រទេសចិន» និង «ពន្លឿនការរៀបចំចាត់ចែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។ កាលពីខែមេសាឆ្នាំ២០២២ ចិននិងប្រទេសប្រជុំកោះ Solomon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីជំរុញឱ្យប្រជុំកោះSolomon មានស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែង ។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការជាប្រក្រតីរវាងប្រទេសមានអធិបតេយ្យភាពទាំងពីរនេះបានប៉ះពាល់ដល់គោលនយោបាយការទូតរបស់អាមេរិក ដូច្នេះ ប្រទេសកោះប៉ាស៊ីហ្វិកដែលត្រូវគេ ធ្វេសប្រហែសជាប់រហូតមកបានចូលក្នុងចក្ខុវិស័យរបស់សហរដ្ឋអាមេរិកម្តងទៀត។

មួយផ្នែក សហរដ្ឋអាមេរិក និងអូស្ត្រាលីបានរួមគ្នាលាបពណ៌លើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងចិននិងប្រទេសប្រជុំកោះ Solomon មួយផ្នែកទៀត មន្ត្រីសេតវិមានទទួល បទបញ្ជាទៅកាន់ប្រជុំកោះ Solomon ដើម្បីទប់ស្កាត់កិច្ចសហប្រតិបត្តិការរវាងចិននិងប្រទេសប្រជុំកោះ Solomon។ ក្នុងពេលដំណាលគ្នានេះ សហរដ្ឋអាមេរិកចាត់បញ្ជូនមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៅបំពេញទស្សនកិច្ចនៅប្រទេសកោះប៉ាស៊ីហ្វិក ហើយក្រុងវ៉ាស៊ីនតោនក៏បានរៀបចំធ្វើកិច្ចប្រជុំកំពូលរវាងអាមេរិក និងប្រទេសកោះប៉ាស៊ីហ្វិកលើកទីមួយផងដែរ។ អ្នកវិភាគបានលើកឡើងថា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានរៀបចំធ្វើសកម្មភាពការទូតជាច្រើនចំពោះប្រទេសកោះប៉ាស៊ីហ្វិក ដែលបានបង្ហាញពីភាពបន្ទាន់និងព្រួយបារម្ភរបស់ អាមេរិកក្នុងការអូសទាញប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។

កាលពីខែមិថុនា ឆ្នាំ២០២២ អ្នកសារព័ត៌មានម្នាក់របស់ប្រជុំកោះ Solomon បានចុះផ្សាយអត្ថបទលើកាសែត «The New York Times» ថា គ្រាប់បែកនៃសង្គ្រាមលោកលើកទីពីរ «ជាវត្ថុមិនសូវច្រើនដែលតែងតែនាំឱ្យពួកគេគិតដល់ប្រទេសប៉ែកខាងលិច»។ អ្នកសារព័ត៌មានរូបនេះបានថ្លែងថា «ខ្ញុំបានដើរសព្វកោះទាំងអស់របស់ប្រទេសប្រជុំកោះ Solomon តែមិនដែលឃើញកេរ្តិ៍មរតកអ្វីដែលបន្សល់ទុកពីសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែក្រុមហ៊ុនស្ថាបនារបស់ចិនកំពុងធ្វើឱ្យមន្ទីរពេទ្យដ៏សំខាន់របស់យើងមានភាពប្រសើរឡើង ហើយក៏ កំពុងសាងសង់កីឡដ្ឋានមួយដែរ»

ភាពស្មោះត្រង់ជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស។ បើនិយាយចំពោះប្រទេសកោះប៉ាស៊ីហ្វិក ភារកិច្ចសំខាន់បំផុតគឺការអភិវឌ្ឍ ដូច្នេះ គឺត្រូវការជំនួយ ដ៏ស្មោះត្រង់របស់បរទេស តែមិនមែនឱកាសនិយមនោះទេ។ ពួកគេកាន់តែមិនចង់ក្លាយជាកូនអុកនិងអ្នកត្រូវពលីក្នុងការប្រកួតប្រជែងរវាងប្រទេសធំនោះដែរ។

រំពឹងថា បន្ទាប់ពីបើក ជាថ្មីឡើងវិញនូវស្ថានទូតប្រចាំនៅប្រទេសប្រជុំកោះ Solomon ដែលបានបិទអស់រយៈពេល៣០ឆ្នាំនោះ សហរដ្ឋអាមេរិកអាចកសាងការគោរពនិងសមភាពចំពោះ ប្រទេសកោះប៉ាស៊ីហ្វិកជាថ្មីឡើងវិញ៕