(ប៉េកាំង)៖ ក្រសួងការពារជាតិចិន នៅថ្ងៃអាទិត្យនេះ បានព្រមានថាខ្លួនរក្សាសិទ្ធិគ្រប់យ៉ាង ក្នុងការចាត់វិធានការឆ្លើយតបដើម្បីដោះស្រាយទៅនឹងស្ថានភាពដូចគ្នា បន្ទាប់ពីសហរដ្ឋអាមេរិក សម្រេចចិត្តបាញ់ទម្លាក់បាឡុងមួយរបស់ចិន ដែលមន្ទីរបញ្ចកោណចោទថាជាបាឡុងស៊ើបការណ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

យោធាអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានបាញ់ទម្លាក់បាឡុងមួយដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាបាឡុងចារកម្មរបស់ចិន ក្រោយស្ទាក់ស្ទើរ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។ បាឡុងចិនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពី យន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក តាន់ កេហ្វីយ (Tan Kefei) បានថ្កោលទោសការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកដោយចាត់ទុកថាជាការបញ្ចេញប្រតិកម្មជ្រុលហួសហេតុ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានប្រើកម្លាំងបាយ ដើម្បីវាយប្រហារ លើបាឡុងស៊ីវិលរបស់យើង ដែលនេះពិតណាស់ជាការបញ្ចេញប្រតិកម្មជ្រុលហួសហេតុ ហើយយើងសូមថ្កោលទោសដាច់ខាតចំពោះសកម្មភាពបែបនេះរបស់ភាគីអាមេរិក»

គួរបញ្ជាក់ថា បើតាមលោក Tan Kefei ចិននឹងរក្សាសិទ្ធិគ្រប់យ៉ាង ក្នុងការចាត់វិធានការឆ្លើយតបដើម្បីដោះស្រាយស្ថានភាពដូចគ្នានេះ ហើយថាបាឡុងចិនគឺជាបាឡុងស៊ីវិលសម្រាប់ ការសិក្សាស្រាវជ្រាវ ដោយផ្ដោតជាចម្បងលើឧតុនិយមតែប៉ុណ្ណោះ។ បាឡុងចិននេះបានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេល ជាច្រើនថ្ងៃមកហើយ ដោយវាបានបង្កឱ្យមានភាពតានតឹងជាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង រហូតដល់មានការផ្អាកដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊ី្លនខិន ទៅកាន់ទីក្រុងប៉េកាំង ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ៕