(ខុនសិបសិន, ស៉ីលី)៖ អាជ្ញាធរនៅក្នុងប្រទេសស៉ីលី បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅឯតំបន់ភាគខាងត្បូងនៃប្រទេស​បានកើនដល់ ២៣នាក់ហើយ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងពីរលកកម្ដៅដែលបង្កឡើងដោយភ្លើងឆេះព្រៃនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អនុរដ្ឋមន្ត្រីមហាផ្ទៃស៉ីលី លោក ម៉ានូអែល ម៉ុនសាល់វ៉េ (Manuel Monsalve) បានបញ្ជាក់ដូច្នេះថា «យើងសូមចូលរួមរំលែកទុក្ខដល់ មនុស្ស ២៣នាក់ដែលបានបាត់បង់ជីវិត»។ លោកបន្ថែមថាមនុស្ស ៩៧៩នាក់ បានរងរបួស ខណៈភ្លើងឆេះព្រៃចំនួន ២៣២ទីតាំងនៅតែបន្តឆេះនៅឡើយ គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។

ចំពោះមុខគ្រោះមហន្តរាយនេះដែរ រដ្ឋាភិបាលស៊ីលីបានសម្រេចចិត្តប្រកាសពង្រីកភាពអាសន្នខាងគ្រោះមហន្តរាយ ដោយរួមបញ្ចូលទាំងតំបន់អារ៉ូកានៀ (Araucania) ស្ថិតនៅ ភាគខាងត្បូងនៃប្រទេស​ ស្របពេលដែលតំបន់នូប៊ល (Nuble) និងបាយអូបាយអូ (Biobio) កំពុងស្ថិតនៅក្រោមភាពអាសន្ននេះស្រាប់។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅភាគខាងត្បូងប្រទេសស៉ីលី បានបំផ្លាញព្រៃឈើលើផ្ទៃដីជាង ៤៧,០០០ហិក និងផ្ទះ៨៨ខ្នង រីឯសីតុណ្ហភាពក៏បានឡើងដល់៤០អង្សាសេផងដែរ ហើយក្រុមអ្នកពន្លត់អគ្គិភ័យ ២,៣០០នាក់ និងយន្ដហោះ ៧៥គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីបង្ក្រាបភ្លើងឆេះព្រៃនេះ៕