(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា បានបណ្ដេញជំនួយការម្នាក់ចេញពីតំណែងជាលេខារបស់លោក សម្រាប់ការអត្ថាធិប្បាយដែលមានលក្ខណៈរើសអើងប្រឆាំង នឹងអ្នកស្រឡាញ់ភេទដូចគ្នា។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក គីស៉ីដា បាននិយាយថាការលើកឡើងរបស់លោក ម៉ាសាយ៉ូស៉ិ អារ៉ៃ (Masayoshi Arai) ដែលថាលោកមិនចង់សូម្បីតែឃើញគូស្វាមីភរិយាអ្នកស្រឡាញ់ភេទដូចគ្នាថាជា ទង្វើមិនអាចទទួលយកបានជាដាច់ខាត និងផ្ទុយពីសង្គមមួយគ្មានការរើសអើងដែលរដ្ឋាភិបាលរបស់លោកកំពុងព្យាយាមកសាង។ លោក គីស៉ីដា បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដូច្នេះថា «ខ្ញុំបានធ្វើការសម្រេចចិត្តដករូបគាត់ (Masayoshi Arai) ចេញពីតំណែងជាលេខា»

គួរបញ្ជាក់ថា លោក Masayoshi Arai កាលពីថ្ងៃសុក្រកន្លងទៅនេះ បាននិយាយថាលោកមិនចង់រស់នៅក្បែរ ឬមិនលោកមិនចង់សូម្បីតែឃើញ គូស្វាមីភរិយាអ្នកស្រឡាញ់ភេទដូចគ្នា ហើយថាប្រជាជនជប៉ុនអាចនឹងបោះបង់ចោលប្រទេស ប្រសិនបើរដ្ឋាភិបាលទទួលស្គាល់ ឬអនុញ្ញាតអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។ លោក Masayoshi Arai គឺជាមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មម្នាក់ដែលបានចូលរួមក្នុងគណៈរដ្ឋមន្ត្រីរបស់លោក គីស៉ីដា ក្នុងនាមជាលេខាម្នាក់ កាលពីខែតុលា ឆ្នាំ២០២២។ បុរសមានវ័យ ៥៥ឆ្នាំម្នាក់នេះក៏បានសូមទោសផងដែរ ចំពោះការលើកឡើងមិនសមរម្យរបស់លោក ទោះជាវាជាគំនិត និងយោបល់ផ្ទាល់ខ្លួនក៏ដោយ៕