(ប៉េកាំង)៖ ចិន នៅថ្ងៃអាទិត្យនេះ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តបាញ់ទម្លាក់បាឡុងមួយរបស់ខ្លួន ដែលបានហោះនៅលើដែនអាកាសតំបន់អាមេរិក ខាងជើង រយៈពេលពេលជាច្រើនថ្ងៃមកនេះ ដោយចាត់ទុកថាវាជាការបញ្ចេញប្រតិកម្មជ្រុសហួសហេតុ និងបំពានច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា «ចិនបង្ហាញការខឹងសម្បារជាខ្លាំង និងតវ៉ាប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងបាយរបស់ សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើបាឡុងស៊ីវិល»។ សេចក្ដីថ្លែងការណ៍នេះដដែលក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងប៉េកាំងរក្សាសិទ្ធិស្របច្បាប់ នៅក្នុងការចាត់វិធានការ ចាំបាច់ឆ្លើយតបចាំបាច់នានា។
គួរបញ្ជាក់ថា យោធាអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានបាញ់ទម្លាក់បាឡុងមួយដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាបាឡុងចារកម្មរបស់ចិន ហើយ ក្រោយស្ទាក់ស្ទើរអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។ បាឡុងចិនត្រូវបានបាញ់ទម្លាក់ដោយ មីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ ខណៈប្រតិបត្តិការមួយបានធ្វើឡើងនៅក្នុងដែនទឹកនៃមហាសមុទ្រអាត្លង់ទិក ដើម្បីប្រមូលកម្ទេចកម្ទីនៃបាឡុងនេះ។
បាឡុងចិននេះបានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាក៏បង្កឱ្យមានភាពតានតឹងជាថ្មី រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង រហូតដល់មានការផ្អាកដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊ី្លនខិន ទៅកាន់ទីក្រុងប៉េកាំង ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ៕